សមាគមវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) មានវិទ្យាស្ថានម្ហូបអាហារកម្ពុជា (ACAC) ក្រោមឱវាទ ដែលជាស្ថាប័នឈានមុខគេក្នុងប្រទេសកម្ពុជា បានផ្តល់ការបណ្តុះបណ្តាលនិស្សិតក្នុងវិស័យចម្អិនម្ហូបអាហារ និងផ្តល់សញ្ញាបត្រថ្នាក់ឧត្តមសិក្សាទទួលស្គាល់ជាអន្តរជាតិ។

នេះបើតាមរយៈទស្សនកិច្ចកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមាន លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ រួមជាមួយវិស័យឯកជន ទស្សនកិច្ចសមាគមវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) មានលោកឧកញ៉ា លូ ម៉េង ជាប្រធានសមាគមវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស ដែលវិទ្យាស្ថានេនះ ជាគ្រឹះស្ថានអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ទេសចរណ៍ ដែលផ្តោតលើការលើកកម្ពស់គុណភាពបណ្តុះបណ្តាល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។

ក្នុងឱកាសទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន បានស្តាប់នូវការធ្វើបទបង្ហាញអំពីបេសកកម្ម ទិសដៅ និងសកម្មភាពសំខាន់ៗរបស់ PIE ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសជំនាញពាក់ព័ន្ធនឹងសេវាកម្មទេសចរណ៍ បដិសណ្ឋារកិច្ច និងឧស្សាហកម្មពាក់ព័ន្ធផ្សេងៗ។
គួរឱ្យដឹងថា បន្ទាប់ពីដំណើរទស្សនកិច្ចរួចមក លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាគម ក្នុងការបង្កើតឱ្យមាននូវកិច្ចសហការរវាងស្ថាប័នអប់រំ និងវិស័យឯកជន ដើម្បីធានាបាននូវការបណ្តុះបណ្តាលដែលមានគុណភាព និងអាចអនុវត្តបានជាក់ស្តែងនៅទីផ្សារការងារ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យរីកចម្រើនប្រកបដោយចីរភាព គឺមិនអាចខ្វះបាននូវធនធានមនុស្សដែលមានជំនាញ និងសមត្ថភាពខ្ពស់ ពោលគឺកិច្ចសហការជាមួយស្ថាប័នអប់រំបច្ចេកទេសដូចជា PIE នឹងជួយពង្រឹងគុណភាពសេវាកម្ម និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ៕


