ក្រោយបានធ្វើជំរឿនមន្រ្តីនៅតាមក្រសួង ស្ថាប័នចំនួន៨ ដោយជោគជ័យរួចមក គណៈកម្មការធ្វើជំរឿនមន្រ្តីនៃក្រសួងមុខងារសាធារណៈ បានដាក់ចេញគោលដៅធ្វើជំរឿនមន្រ្តីបន្តនៅក្រសួង ស្ថាប័នចំនួន៤ទៀត នៅអំឡុងដើមខែមិថុនានេះ។

ជំរឿនមន្រ្តីក្រសួង ស្ថាប័នបានបញ្ចប់៨ បន្ត៤ និងកំពុងរៀបចំចំនួន៥។ គណៈកម្មការជំរឿនមន្ត្រីវាយតម្លៃ និងដាក់ផែនការសម្រាប់អង្គភាពបន្ត និងនៅតាមបណ្តារាជធានី ខេត្ត។
ការដាក់ចេញគោលដៅធ្វើជំរឿនមន្រ្តីបន្តនៅក្រសួង ស្ថាប័នចំនួន៤ទៀត នៅអំឡុងដើមខែមិថុនានេះ រួមមានដូចជា៖ (១)រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (២)ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (៣)ក្រសួងទេសចរណ៍ និង (៤)ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងនោះ គោលដៅដែលនឹងបន្តធ្វើជំរឿនមុនគេនៅ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ និងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។

គួរឱ្យដឹងថា ផែនការនៃការធ្វើជំរឿនមន្រ្តីនៅគោលដៅបន្តនេះ ត្រូវបានកំណត់ដាក់ចេញដោយគណៈកម្មការធ្វើជំរឿនមន្រ្តី នៅក្នុងកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ គ្រឹះស្ថានបឋមសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន ដឹកនាំដោយ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការធ្វើជំរឿនមន្រ្តី នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦៕

