កូរ៉េខាងត្បូង គ្រោងចែកលុយម្នាក់ ៣៩០ដុល្លារ ដល់ពលរដ្ឋចំនួន ៣៥,៨ លាននាក់ ចំពេលប្រេងឥន្ធនៈឡើងថ្លៃ​

អន្តរជាតិ

កូរ៉េខាងត្បូង បានស្នើផ្តល់ជំនួយជាសាច់ប្រាក់ចំនួន ១០០,០០០-៦០០,០០០វ៉ុន (ឬស្មើ ៦៥-៣៩០ដុល្លារ) ក្នុងម្នាក់ៗ ដល់ពលរដ្ឋដែលរកចំណូលទាបបំផុតចំនួន ៧០% ឬប្រហែល ៣៥,៨ លាននាក់ ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមចុះផ្សាយពីកាសែត The Korea Times បានរាយការណ៍ថា ចំនួនទឹកប្រាក់ដែលមនុស្សម្នាក់ៗទទួលបាននឹងអាស្រ័យលើប្រាក់ចំណូលរបស់ពួកគេ និងកន្លែងដែលពួកគេរស់នៅ។

អ្នកដែលរស់នៅក្នុងតំបន់ទីប្រជុំជនសេអ៊ូលនឹងទទួលបានលុបអប្បបរមា ១០០,០០០វ៉ុន ខណៈពេលដែលប្រជាជនរស់នៅក្នុងតំបន់ដែលមានមនុស្សរស់នៅតិច នឹងទទួលបានរហូតដល់ ២៥០,០០០វ៉ុន។

ក្រុមងាយរងគ្រោះនឹងទទួលបានការគាំទ្រកាន់តែច្រើន ដោយគ្រួសារឪពុកម្តាយនៅលីវ និងគ្រួសារដែលនៅជិតបន្ទាត់នៃភាពក្រីក្រ នឹងទទួលបាន ៤៥០,០០០វ៉ុន និងអ្នកមានជីវភាពក្រខ្សត់បំផុត នឹងទទួលបាន ៥៥០,០០០វ៉ុន។ អ្នកដែលរស់នៅក្រៅតំបន់រដ្ឋធានីនឹងទទួលបាន ៥០,០០០វ៉ុនបន្ថែម។

ជម្រាបជូនថា គម្រោងផ្តល់ជំនួយចុងក្រោយបំផុតនេះ គឺជាផ្នែកមួយនៃសំណើស្នើសុំថវិកាបន្ថែមចំនួន ២៦,២ទ្រីលានវ៉ុន របស់ប្រធានាធិបតី លោក Lee Jae Myung ដែលមានគោលបំណងបន្ធូរបន្ថយសម្ពាធថ្លៃដើមនៃការរស់នៅដែលបណ្តាលមកពីការកើនឡើងនៃតម្លៃប្រេងក្នុងអំឡុងពេលជម្លោះនៅមជ្ឈិមបូព៌ា៕