រាជធានីភ្នំពេញ កម្ពុជា ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦៖ ធនាគារ អេស ប៊ី អាយ លី ហួរ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនហិរញ្ញវត្ថុយក្សពិភពលោក SBI Holdings, Inc. នៅថ្ងៃនេះបានប្រកាសបន្ថែមទុនចំនួន ២៥ លានដុល្លារអាមេរិក ដែលធ្វើឱ្យដើមទុនចុះបញ្ជីកើនឡើងដល់ ១២៥ លានដុល្លារអាមេរិក។ ការវិនិយោគដ៏សំខាន់នេះ នឹងជួយពន្លឿនផែនការផ្លាស់ប្តូររូបរាងថ្មីនៅទូទាំងប្រទេស តាមរយៈការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធធនាគារ ពង្រឹងសមត្ថភាពសេវាធនាគារឌីជីថល និងឆ្លុះបញ្ចាំងការប្តេជ្ញាចិត្តយូរអង្វែងចំពោះការអភិវឌ្ឍវិស័យហិរញ្ញវត្ថុដែលមាននិរន្តភាព នៅព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីការទិញយកភាគហ៊ុន ១០០% របស់ធនាគារ អេស ប៊ី អាយ លី ហួរ នៅក្នុងខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនបានផ្លាស់ប្តូរតួនាទីពីវិនិយោគិនយុទ្ធសាស្ត្រ មកជាអ្នកគ្រប់គ្រងប្រតិបត្តិការដោយផ្ទាល់។ ការបន្ថែមទុន ២៥ លានដុល្លារអាមេរិកនេះ មានគោលដៅធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធនាគារស្នូល ពង្រីកសេវាធនាគារឌីជីថល និងគាំទ្រដល់ការកែលម្អបណ្តាញសាខាទូទាំងប្រទេស ដែលនឹងជួយពង្រឹងគុណភាពសេវាកម្ម និងបទពិសោធអតិថិជននៅទូទាំងប្រទេសកម្ពុជា។
យើងកំពុងធ្វើការផ្លាស់ប្តូរអត្តសញ្ញាណម៉ាកយីហោថ្មី និងធ្វើទំនើបកម្មសម្ភារបរិក្ខាររបស់យើងនៅទូទាំងប្រទេស។ រាល់ការជួសជុលកែលម្អទាំងអស់ រួមទាំងការិយាល័យកណ្តាល និងតាមបណ្តាសាខានានា កំពុងដំណើរការទៅតាមកាលវិភាគ និងអនុលោមតាមបទប្បញ្ញត្តិយ៉ាងពេញលេញ។ ធនាគារនឹងប្រកាសឈ្មោះ និងអត្តសញ្ញាណថ្មីជាផ្លូវការ ព្រមទាំងកំណត់កាលបរិច្ឆេទបង្ហាញជាសាធារណៈនៅពេលទទួលបានការអនុម័តពីអាជ្ញាធរពាក់ព័ន្ធទាំងអស់។
តំណាងភាគហ៊ុនិកមកពីក្រុមហ៊ុន SBI Holdings, Inc. បានមានប្រសាសន៍ថា៖ “ការបន្ថែមដើមទុននេះឆ្លុះបញ្ចាំងពីទំនុកចិត្ត របស់យើង ចំពោះសក្តានុពលនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា”។ “ជាមួយនឹងសិទ្ធិជាម្ចាស់កម្មសិទ្ធិទាំងស្រុង យើងកំពុងរួមបញ្ជូលគ្នានូវជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) កម្រិតពិភពលោក និងអភិបាលកិច្ចដ៏ហ្មត់ចត់ ដើម្បីផ្តល់នូវសេវាធនាគារប្រកបដោយភាពច្នៃប្រឌិត សុវត្ថិភាព និងទំនុកចិត្ត ដើម្បីគាំទ្រដល់អ្នកប្រើប្រាស់ អាជីវកម្ម និងសេដ្ឋកិច្ចទាំងមូល។”
ភាពរឹងមាំរបស់ក្រុមហ៊ុនSBI Holdings, Inc. បានផ្តល់ឥទ្ធិពលវិជ្ជមានដល់សកម្មភាពអាជីវកម្មក្នុងប្រទេស ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន SBI Holdings, Inc. គឺជាសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុដ៏រឹងមាំបំផុតមួយក្នុងពិភពលោក ដែលមានទ្រព្យសកម្មសរុបជាង ២២៣,៨ ពាន់លានដុល្លារអាមេរិក (អត្រាប្តូរប្រាក់ ១ដុល្លារអាមេរិក = ១៥១យ៉េនជប៉ុន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥) និងមានប្រតិបត្តិការជាង ២០ប្រទេស នៅជុំវិញពិភពលោក។ ក្រុមហ៊ុនក៏ជាអ្នកផ្តួចផ្តើមប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និង Blockchain ដើម្បីធ្វើទំនើបកម្មវិស័យធនាគារផងដែរ។ តាមរយៈការធ្វើ
សមាហរណកម្មបច្ចេកវិទ្យាសកលទាំងនេះរួមជាមួយនឹងការយល់ដឹងស៊ីជម្រៅពីទីផ្សារក្នុងស្រុក ធនាគារ អេស ប៊ី អាយ លី ហួរ កំពុងពង្រឹងខ្លួនជា “ធនាគារមានភាពច្នៃប្រឌិត និងគួរឱ្យទុកចិត្ត ដើម្បីភាពរីកចម្រើន” នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អំពី ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានផ្តើមដំណើរការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ នៅឆ្នាំ២០១២ ហើយបានប្រែក្លាយខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយពីទទួលបានអាជ្ញាបណ្ណធ្វើប្រតិបត្តិការធនាគារ ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូជាយុទ្ធសាស្រ្តរវាង លោកអ្នកឧកញ៉ា លី ហួរ និងក្រុមហ៊ុនជប៉ុនដ៏ធំ SBI Holdings, Inc.។ បន្ទាប់មកនៅ ខែតុលា ឆ្នាំ២០២៥ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងដោយ SBI Holdings, Inc. ទាំងស្រុង។ សមាហរណកម្មយុទ្ធសាស្ត្ររបស់ធនាគារ ទៅក្នុងបណ្តាញសកលរបស់ SBI Group គឺជាជំហានដ៏សំខាន់មួយដែលត្រូវបានរៀបចំឡើង ដើម្បីទាញយកអត្ថប្រយោជន៍ពីធនធានបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ទូលំទូលាយ និងពង្រីកប្រតិបត្តិការដើម្បីបង្កើនគុណតម្លៃជូនអតិថិជនបន្ថែមទៀត។
បច្ចុប្បន្នធនាគារ អេស ប៊ី អាយ លី ហួរ ម.ក មានទ្រព្យសកម្មសរុបជាង ១.១២ ពាន់លានដុល្លារអាមេរិក និងបណ្តាញប្រតិបត្តិការទូទាំងប្រទេស។ ការរីកចម្រើនដ៏ធំធេងនេះ គឺជាលទ្ធផលនៃយុទ្ធសាស្ត្រដែលបានរួមបញ្ចូលគ្នាយ៉ាងរលូន រវាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រព័ន្ធឌីជីថលដ៏ទូលំទូលាយ ជាមួយនឹងការប្រើប្រាស់សេវាផ្ទេរប្រាក់ដ៏ឈានមុខ មានដូចជា SBI Ripple ជាមួយនឹងបច្ចេកវិទ្យា Blockchain ដែលបង្កើតឡើងសម្រាប់ការទូទាត់អន្តរជាតិឆាប់រហ័ស និងមានតម្លៃសមរម្យ។ តាមរយៈការរីកចម្រើននេះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក កំពុងពង្រីកសេវាបន្ថែមទៀត ដើម្បីបំពេញតម្រូវការផ្នែកសេវាធនាគារឌីជីថលមានភាពងាយស្រួល ដែលកំពុងកើនឡើង និងការពង្រឹងខ្លួនឱ្យស្របទៅតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) នាពេលអនាគត។
អំពីក្រុមហ៊ុនSBI Holdings, Inc.
ក្រុមហ៊ុនSBI Holdings, Inc.ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ជាអ្នកផ្តួចផ្តើមផ្តល់សេវាហិរញ្ញវត្ថុតាមអ៊ីនធឺណិត។ ក្រុមហ៊ុន SBI Holdings, Inc. បានវិវត្តទៅជាសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុដែលមានឥទ្ធិពលបំផុតមួយក្នុងពិភពលោក ដោយប្រតិបត្តិការនៅជាង២០ ប្រទេស ជាមួយនឹងបុត្រសម្ព័ន្ធចំនួន ៦៣៥ ក្រុមហ៊ុន នៅទូទាំងពិភពលោក។ ដោយមានទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រុមហ៊ុនប្រតិបត្តិការលើប្រព័ន្ធអេកូឡូស៊ីដ៏ទូលំទូលាយ ដែលគ្របដណ្តប់លើវិស័យអាជីវកម្មស្នូលចំនួន៥ រួមមាន៖ សេវាហិរញ្ញវត្ថុ (រួមទាំងជាអន្តរការីជើងសាអនឡាញ និងធនាគារឌីជីថលធំជាងគេរបស់ជប៉ុន) ការគ្រប់គ្រងទ្រព្យសម្បត្តិ ការវិនិយោគលើភាគហ៊ុនឯកជន (PE Investment) អាជីវកម្មទ្រព្យសកម្មគ្រីបតូ (Crypto-asset) និងអាជីវកម្មជំនាន់ថ្មី (បច្ចេកវិទ្យាសាស្ត្រ និង Web3)។
https://www.sbigroup.co.jp/english/company/group/ sbilhbank.html
ក្រុមហ៊ុន SBI Holdings, Inc. គឺជាអ្នកនាំមុខគេលើពិភពលោកក្នុងការអនុវត្តជាក់ស្តែងនៃបច្ចេកវិទ្យា Blockchain និង បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech)។ នៅដើមឆ្នាំ២០២៦ ក្រុមហ៊ុនបានប្រកាសដាក់ឱ្យដំណើរការនូវកាក់ Stablecoin ជាប្រាក់យ៉េន ដែលមានការគ្រប់គ្រងយ៉ាងពេញលេញដំបូងគេបង្អស់មួយរបស់ប្រទេសជប៉ុន ដើម្បីសម្របសម្រួលដល់ការទូទាត់របស់សាជីវកម្មខ្នាតធំ និងការទូទាត់ឆ្លងដែន។

