គម្រោងស្តារស្ទឹងស្លាប់ក្នុងខេត្តកំពង់ធំសម្រេចបាន៧៥%ហើយ

សង្គម​ និង​សេដ្ឋកិច្ច

គិតមកដល់ពេលនេះ គម្រោងស្តារស្ទឹងស្លាប់នៃគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកខេត្តកំពង់ធំ សម្រេចវឌ្ឍនភាពការងារបាន៧៥%ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការឱ្យដឹងតាមរយៈក្រសួងធនធានទឹក និងឧតុនិយម ក្នុងដំណើរចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារស្តារស្ទឹងស្លាប់នៃគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកខេត្តកំពង់ធំ នៅក្នុងកំពង់គោ ខេត្តកំពង់ធំ ដឹកនាំដោយលោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ការងារស្ដារស្ទឹងស្លាប់ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ដែលមានសក្ដានុពលជួយរំដោះទឹក និងពង្វាងទឹកជំនន់ក្នុងបរិមាណ ៣០០ម៉ែត្រគូបក្នុងមួយវិនាទី ជាពិសេសជួយបញ្ចៀសហានិភ័យនៃការជន់លិចក្រុងស្ទឹងសែននិងតំបន់ជុំវិញ នារដូវវស្សាបានយ៉ាងមានប្រសិទ្ធភាព និងបានដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការនាំទឹក និងផ្តល់ទឹកសម្រាប់ស្រោចស្រពផ្ទៃដីបង្កបង្កើនផល ដំណាំរួមផ្សំគ្រប់ប្រភេទនៅតាមដងស្ទឹងនារដូវប្រាំង និងបម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុង-ស្រុកចំនួន ៥នៃខេត្តកំពង់ធំ ដែលរួមមានក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតនៅចម្ងាយប្រមាណ ១៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំផ្នែកខាងក្រោមតាមបណ្តោយស្ទឹងសែន។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១)កសាងសំណង់ស្ទាក់ទឹកកំពង់គោប្រវែង ២៦០ម៉ែត្រ ទី២)កសាងសំណង់បញ្ចេញបញ្ចូលទឹក និងគ្រប់គ្រងទឹកចំនួន ៤៧កន្លែងចាប់ពីសំណង់ស្ទាក់ស្ទឹងកំពង់គោរហូតដល់ស្ទឹងស្លាប់ និង ទី៣)ស្តារស្ទឹងស្លាប់ប្រវែង ៣០គីឡូម៉ែត្រ តភ្ជាប់ពីស្ទឹងសែននៅផ្នែកខាងលើនៃក្រុងស្ទឹងសែន ក្នុងសង្កាត់ស្រយ៉ូវ មានខ្នងទំនប់ទំហំ ៦ម៉ែត្រ មាត់លើទំហំ ៦០ម៉ែត្រ បាតក្រោមទំហំ ២០ម៉ែត្រ និងមានសំណង់សិល្បការ្យដូចជា សំណង់កាត់ស្ទឹង សំណង់ស្ទាក់ទឹក និងសំណង់បញ្ចេញបញ្ចូលទឹក សរុប១១៧កន្លែង៕