លោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ បានកត់សម្គាល់ឃើញថា កម្ពុជាស្ថិតលើដំណើរផ្លូវត្រឹមត្រូវ ដើម្បីឈានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។លោកស្រីថ្លែងបែបនេះនៅក្នុងជំនួបពិភាក្សា ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា កាលព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

នាឱកាសនោះ លោកស្រី Rabab Fatima បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានដាក់ចេញនូវផែនការអភិវឌ្ឍ និងការអភិរក្សបេតិកភណ្ឌ។លោកស្រី ថា អង្គការសហប្រជាជាតិ ប្ដេជ្ញាបន្តគាំទ្រកម្ពុជាក្នុងដំណើរការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ហើយអង្គការសហប្រជាជាតិក៏បានបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីគាំទ្រដល់ដំណើរការចាកចេញនេះ។
បន្ថែមពីនេះ លោកស្រី ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាបានសម្រេចតាមលក្ខណៈវិនិច្ឆ័យរួចរាល់សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) តាមរយៈការវាយតម្លៃចំនួនពីរលើក កន្លងមក។ ជាមួយគ្នានេះ លោកស្រី ក៏បញ្ជាក់ថា កម្ពុជាស្ថិតក្នុងដំណើរផ្លូវ ដើម្បីឈានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំពោះការបង្កើតក្រុមការងារចំពោះកិច្ចរបស់អង្គការសហប្រជាជាតិ ដើម្បីគាំទ្រដំណើរការចាកចេញពីក្រុមប្រទេស LDC របស់កម្ពុជា។
សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាក់ស្ដែង ដើម្បីកសាងភាពធន់របស់កម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតលើ ការអភិវឌ្ឍមូលធនមនុស្ស ការដាក់ចេញការកែទម្រង់វិស័យអប់រំ សុខាភិបាល និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុស្របតាមការវិវត្តនៃបច្ចេកវិទ្យារបស់ពិភពលោក និងការជំរុញភាពជាដៃគូជាមួយវិស័យឯកជន ជាដើម។ សម្ដេចធិបតីបានបន្ថែមទៀតថា កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ក្នុងក្របខ័ណ្ឌសន្តិភាព និងក្របខ័ណ្ឌដទៃទៀត៕ អត្ថបបទ៖ហ្សាលីន


