រាជរដ្ឋាភិបាលកម្ពុជា កំពុងដំណើរការនិតិវិធីជ្រើសរើសក្រុមហ៊ុនសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ

សង្គម​និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងដំណើរការនីតិវិធីក្នុងការជ្រើសរើសក្រុមហ៊ុនសាងសង់ ដើម្បីឈានទៅបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ(ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ)នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ដែលទើបតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ លោក ស៊ុន ចាន់ថុល បានធ្វើការថ្លែងអំណរដល់រដ្ឋាភិបាលកូរ៉េ ដែលបានជួយកសាងហេដ្ឋរចនាសម្ព័ន្ធកម្ពុជានាពេលកន្លងមក ជាក់ស្តែង អគារមន្ទីរពិសោធន៍សំណង់ និងសាធារណការ ជាជំនួយឥតសំណង របស់ក្រសួង រៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ តាមរយៈ វិទ្យាស្ថានកូរ៉េសំណង់ស៊ីវិល និងបច្ចេកវិទ្យាសាងសង់ នៃ “គម្រោងនវានុវត្តន៍ ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ ក្នុងប្រទេសកម្ពុជា។

ទន្ទឹមគ្នានេះ លោក ស៊ុន ចាន់ថុល បានឱ្យដឹងដែរថា គម្រោងសាងសង់ស្ពាន មិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) ដែលនឹងក្លាយជាចំណុចទាក់ទាញមួយនៅកណ្តាលរាជធានី និងជានិមិត្តរូបនៃចំណងមិត្តភាពរវាងប្រទេសទាងពីរ ខណៈនៅចំពោះមុខនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងដំណើរការនីតិវិធីក្នុងការជ្រើសរើសក្រុមហ៊ុនសាងសង់ ក៏ដូចជាការដោះស្រាយផលប៉ះពាល់ មុននឹងឈានដល់ការកំណត់កាលបរិច្ឆេទ ប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការនាពេលខាងមុខ។

ពាក់ព័ន្ធនឹងគម្រោងសាងសង់ស្ពាន មិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េនេះដែរ ថ្លែងក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា នៅទីក្រុងភ្នំពេញប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ឯកឧត្តម Yoon Suk Yeol ធ្លាប់បានសម្តែងនូវក្តីសង្ឈឹមថា គម្រោងស្ពានមិត្តភាពនេះ នឹងត្រូវបានអនុវត្តដោយរលូន ហើយនឹងក្លាយជាគម្រោងកិច្ចសហប្រតិបត្តិការដ៏ធំ​បំផុតរបស់សាធារណរដ្ឋកូរ៉េ នៅកម្ពុជា។

ក្នុងជំនួបនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា គម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងក្លាយជាមិត្តរូបថ្មីនៃទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។

គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពនេះ នឹងចំណាយទឹកប្រាក់ចំនួន ២៤៥៩០៩០០០ដុល្លារអាម៉េរិក ដែលត្រូវបានចុះហត្ថលេខា រួចហើយ រវាងរាជរដ្ឋាភិបាលរកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ កាលព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា៕

អត្ថបទ៖ ពិសី