នាយករដ្ឋមន្រ្តីកម្ពុជា ស្នើវៀតណាមពន្លឿនការកំណត់ទីតាំងតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥ មេដឹកនាំនៃប្រទេសទាំងបី រួមមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា , លោក ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីវៀតណាម និង លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីឡាវ បានជួបពិភាក្សាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ឱ្យកាន់ជិតស្និទ្ធបន្ថែម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៃជំនួប, ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានចែករំលែកព័ត៌មានអំពីការវិវឌ្ឍ និងអាទិភាពពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី លើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍, សន្តិសុខ និងការពារជាតិ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានឯកភាពបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនៅក្នុងការតភ្ជាប់ ជាពិសេសការតភ្ជាប់ផ្លូវគមនាគមន៍ ការផ្គត់ផ្គង់អគ្គីសនី និងការទូទាត់តាមឌីជីថល។

ជាមួយនឹងប្រទេសឡាវ សម្ដេចធិបតីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ពន្លឿនការកំណត់ទីតាំងការតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ។

សូមរម្លឹកដែរថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានឯកភាពគ្នាជាគោលការណ៍ ក្រោមកិច្ចសន្យា PPP មានប្រវែង១៣៥,១០ គីឡូម៉ែត្រ សាងសង់ជា ០៤ គន្លង ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ គម្រោងនេះសាងសង់ជាមួយទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក និងរយៈពេលសាងសង់ ០៤ឆ្នាំ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហៅកាត់ថា BOT ដូចគ្នាទៅនឹង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែរ ហើយក្រុមហ៊ុននឹងធ្វើប្រត្តិបត្តិការរយៈពេល៥០ឆ្នាំ មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នឹងត្រូវតភ្ជាប់ជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម ដែលរំពឹងថានឹងរួចរាល់ក្នុងពេលដំណាលគ្នា។ តាមគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នេះ នឹងសាងសង់រួចរាល់នៅចុងឆ្នាំ២០២៦ ឬនៅដើមឆ្នាំ២០២៧ខាងមុខនេះដូចគ្នា ដោយការតភ្ជាប់គឺពី ភ្នំពេញ-មកកាន់ច្រកទ្វារអន្តរជាតិកម្ពុជាបាវិត-ម៉ុកបៃ ហើយបន្តពីម៉ុកបៃ ទៅហូជីមិញតែម្តង។