សហរដ្ឋអាមេរិក បានសម្រេចលើកលែងទណ្ឌកម្មលើលោកស្រី Delcy Rodriguez ប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីប្រទេសទាំងពីរបានស្តារទំនាក់ទំនងការទូតឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមការបង្ហោះសារមួយ នៅលើគេហទំព័ររបស់ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារសហរដ្ឋអាមេរិក បានបង្ហាញថា ឈ្មោះរបស់ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez ត្រូវបានលុបចេញពី “បញ្ជីទណ្ឌកម្ម”។
គួរឲ្យដឹងថាមេដឹកនាំបណ្តោះអាសន្នរបស់ប្រទេសវេណេស៊ុយអេឡារូបនេះ បានបង្ហាញការស្វាគមន៍យ៉ាងខ្លាំងចំពោះការប្រកាសនេះ។ លោកស្រីថែមទាំងបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនថា សកម្មភាពនេះគឺជាផ្នែកមួយនៃដំណើរការធ្វើឲ្យមានប្រក្រតីភាព និងពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយសហរដ្ឋអាមេរិក។
ជម្រាបជូនថា លោកស្រី Rodriguez ធ្លាប់បានបម្រើការជាអនុប្រធានាធិបតីក្រោមការដឹកនាមរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ហើយត្រូវបានដាក់ទណ្ឌកម្មដោយទីក្រុងវ៉ាស៊ីនតោន ចំពោះតួនាទីសំខាន់របស់លោកស្រី នៅក្នុងជួររដ្ឋាភិបាល។ ប៉ុន្តែបន្ទាប់ពីការវាយឆ្មក់របស់សហរដ្ឋអាមេរិក នៅទីក្រុង Caracas ដែលបណ្តាលឲ្យមានការចាប់ខ្លួនប្រធានាធិបតី លោក Maduro និងភរិយារបស់លោកមក លោកស្រី Rodriguez បានក្លាយជាប្រធានាធិបតីបណ្តោះអាសន្ននៃប្រទេសវេណេស៊ុយអេឡា៕

