អ៊ីរ៉ង់បានប្រកាសថាខ្លួនកំពុងធ្វើការជាមួយប្រទេសអូម៉ង់ដើម្បីរៀបចំច្បាប់ដើម្បីត្រួតពិនិត្យចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយមានគោលបំណងសម្រួលដល់ការដឹកជញ្ជូនទំនិញសំខាន់ឡើងវិញ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍ នៅថ្ងៃទី២ ខែមេសាថា អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយថា នាវាដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវការត្រួតពិនិត្យ និងការសម្របសម្រួលពីអ៊ីរ៉ង់ និងអូម៉ង់ មុនពេលអាចធ្វើចរាចរណ៍បាន។
មិនតែប៉ុណ្ណោះ លោក Gharibabadi ថែមទាំងបាននិយាយទៀតថា ៖”ជាការពិតណាស់ តម្រូវការទាំងនេះមិនមានន័យថាវាជាការរឹតត្បិតនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺដើម្បីសម្រួល និងធានាសុវត្ថិភាពរបស់នាវាដែលឆ្លងកាត់ផ្លូវដឹកជញ្ជូនដ៏សំខាន់នេះ ក៏ដូចជាដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរ ផងដែរ”។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខាងមន្ត្រីរបស់ប្រទេសអូម៉ង់ហាក់មិនទាន់បានធ្វើការឆ្លើយតបវិញទៅលើព័ត៌មាននេះនៅឡើយនោះទេ។ ហើយកាលពីខែមុន មន្ត្រីអូម៉ង់ ធ្លាប់បាននិយាយថា ពួកគេកំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីបង្កើតកិច្ចព្រមព្រៀងសម្រាប់ការឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសេរី៕

