ប្រទេសហ្វីលីពីន បាននិយាយកាលពីថ្ងៃទី២ ខែមេសាថា អ៊ីរ៉ង់នឹងអនុញ្ញាតឲ្យទីក្រុងម៉ានីល អាចដឹកជញ្ជូនប្រេងតាមរយៈច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos កាលពីសប្តាហ៍មុនបានប្រកាសពីភាពអាសន្នថាមពលជាតិ ដោយនិយាយថាបច្ចុប្បន្នគឺគ្មានអ្វីក្រៅពីការចូលតុចរចានោះឡើយ ខណៈប្រទេសដែលមានប្រជាជន ១១៦ លាននាក់កំពុងព្យាយាមដោះស្រាយវិបត្តិប្រេងឥន្ធនៈសកលដែលបង្កឡើងដោយសង្គ្រាមមជ្ឈិមបូព៌ា។
យ៉ាងណាមិញ ក្រសួងការបរទេសហ្វីលីពីន បាននិយាយថា ក្រោយពីមានការសន្ទនាតាមទូរស័ព្ទប្រកបដោយផលិតភាព រវាងរដ្ឋមន្ត្រីការបរទេសលោកស្រី Theresa Lazaro និងសមភាគីអ៊ីរ៉ង់មក ពួកគេយល់ព្រមបើកច្រកទ្វារដឹកជញ្ជូនប្រេងដ៏សំខាន់ដល់ហ្វីលីពីន។
ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានធានាដល់រដ្ឋមន្ត្រីហ្វីលីពីនថា អ៊ីរ៉ង់នឹងអនុញ្ញាតឲ្យមានការឆ្លងកាត់ដោយសុវត្ថិភាព គ្មានការរារាំង និងរហ័សតាមរយៈច្រកសមុទ្រ Hormuz របស់នាវាដែលមានទង់ជាតិហ្វីលីពីនទាំងអស់”។
ជម្រាបជូនថា ការផ្លាស់ប្តូរចុងក្រោយនេះ បានកើតឡើង បន្ទាប់ពីតម្លៃប្រេងឥន្ធនៈបានឡើងដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសហ្វីលីពីន ចាប់តាំងពីញាសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយទីក្រុងតេអេរ៉ង់បានបិទច្រកសមុទ្រ Hormuz ដ៏សំខាន់សម្រាប់ការចរាចរណ៍របស់នាវ កប៉ាល់ ចាប់តាំងពីពេលនោះមក៕

