យោងតាមសហព័ន្ធឧស្សហកម្មថៃ (FTI ) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការលក់រថយន្តក្នុងស្រុក របស់ប្រទេសថៃ បានកើនឡើងវិញ នៅក្នុងខែមេសា ពោលគឺជាការកើនឡើងជាលើកដំបូងមិនធ្លាប់មាន ក្នុងរយ:ពេល ២៣ខែចុងក្រោយ បើទោះបីជាផលិតកម្ម និងការនាំចេញ នៅបន្តធ្លាក់ចុះក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
សហព័ន្ធឧស្សហកម្មថៃ បាននិយាយថា ការលក់នៅក្នុងស្រុក បានកើនឡើង ១% នៅក្នុងខែមេសា បើធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីមានការធ្លាក់ចុះ ០,៥៤% នៅក្នុងខែមីនា។
លោក Surapong Paisitpattanapong អ្នកនាំពាក្យផ្នែកឧស្សាហកម្មរថយន្តរបស់ FTI បានថ្លែងប្រាប់អ្នកយកព័ត៌មានថា៖ “ការលក់បានកើនឡើងដែលត្រូវបានជំរុញដោយរថយន្តដឹកអ្នកដំណើរ ប៉ុន្តែការលក់រថយន្តភីកអាប់បានធ្លាក់ចុះដោយសារតែការផ្តល់ហិរញ្ញប្បទាន នៅតែតឹងតែង”។
ទន្ទឹមនឹងនេះ FTI បានបង្ហាញឲ្យដឹងទៀតថា ផលិតកម្មរថយន្តបានធ្លាក់ចុះអស់ ០,៤% នៅក្នុងខែមេសា បើធៀបនឹងឆ្នាំមុន មកត្រឹម ១០៤ ២៥០គ្រឿង ជាខែទី២១ ជាប់ៗគ្នាហើយដែលផលិតកម្មរថយន្តក្នុងប្រទេសបានធ្លាក់ចុះបែបនេះ។ នៅក្នុងខែមីនា ផលិតកម្មរថយន្ត បានធ្លាក់ចុះអស់ ៦,១%។
ជាមួយគ្នានេះ ការនាំចេញរថយន្តរបស់ប្រទេសថៃ ក៏បានធ្លាក់ចុះ ៦,៣% ផងដែរ នៅក្នុងខែមេសា ធៀបនឹងឆ្នាំមុន ខណ:នៅក្នុងខែមីនា បានធ្លាក់ចុះដល់ទៅ ១៤,៩% ។
ជម្រាបជូនថា ប្រទេសថៃ គឺជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលៗមួយចំនួនរបស់ពិភពលោក រួមមាន Toyota, Honda និងក្រុមហ៊ុនចិន BYD ជាដើម៕