ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលរបស់ប្រទេសចិន Xiaomi ថ្មីៗនេះ បានប្រកាសពីារកើនឡើងប្រាក់ចំណូលក្នុងត្រីមាសទី២ របស់ខ្លួនដល់ ៣០,៥% ដោយសារតែត្រូវបានជំរុញដោយការកើនឡើងនៃការលក់ស្មាតហ្វូន ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រាក់ចំណូលសម្រាប់ត្រីមាសដែលត្រូវបានបញ្ចប់នៅត្រឹមថ្ងៃទី៣០ ខែមិថុនា របស់ក្រុមហ៊ុន Xiaomi មានចំនួនសរុប ១១៦ពាន់លានយ៉ន់ (១៦,១៦ពាន់លានដុល្លារ) ស្របពេលប្រាក់ចំណេញសុទ្ធវិញ មានការកើនឡើង ៧៥,៤% ដល់ចំនួន ១០,៨ពាន់លានយ៉ន់។
Xiaomi ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងទី៣ របស់ពិភពលោក បានក្លាយជាម៉ាកយីហោស្មាតហ្វូនដែលលក់ដាច់បំផុត នៅអាស៊ីអាគ្នេយ៍ ក្នុងត្រីមាសទី២ ហើយបានជាប់ចំណាត់ថ្នាក់លេខ២ ជាស្មាតហ្វូននាំចេញច្រើនបំផុតទៅកាន់តំបន់អឺរ៉ុប ផងដែរ។
ទន្ទឹមនឹងនេះដែរ ចំពោះអាជីវកម្មលើរថយន្តអគ្គិសនីវិញ Xiaomi អាចរកប្រាក់ចំណូលបាន ២០,៦ពាន់លានយ៉ន់ ក្នុងអំឡុងត្រីមាសទី២ ពោលគឺបានកើនឡើង ១៨,១% ធៀបទៅនឹងត្រីមាសទី១។ គិតក្នុងត្រីមាសខែមិថុនា ក្រុមហ៊ុនចែកចាយរថយន្តសរុប ៨១ ៣០២ គ្រឿង សម្រាប់ម៉ូដែល SU7 ដ៏ពេញនិយមរបស់ខ្លួន៕

