ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើសុំឲ្យសភាអនុម័តថវិកាការពារជាតិចំនួនជិត ១,៥ទ្រីលានដុល្លារសម្រាប់ឆ្នាំ២០២៧ ខណៈដែលជម្លោះកំពុងបន្តជាមួយអ៊ីរ៉ង់ធ្វើឲ្យការចំណាយកើនឡើង។ នេះបើតាមចុះផ្សាយពីសារព័ត៌មាន Reuters។

សេតវិមានបានប្រកាសពីសំណើថ្មីនេះ នៅថ្ងៃទី៣ ខែមេសា នៅក្នុងសំណើថវិកាចំនួន ៩២ ទំព័ររបស់ខ្លួនដែលបានដាក់ជូនសភា រួមជាមួយនឹងសេចក្តីសង្ខេបដែលគូសបញ្ជាក់ពីអាទិភាពរបស់រដ្ឋបាលសហរដ្ឋអាមេរិកសម្រាប់ភ្នាក់ងារសហព័ន្ធ។
នៅក្នុងសំណើរបស់ លោក ត្រាំ បានសុំឲ្យសភាអនុម័តយ៉ាងឆាប់រហ័សនូវការចំណាយសម្រាប់វិស័យការពារជាតិជាង ១,១ទ្រីលានដុល្លារតាមរយៈដំណើរការបែងចែកស្តង់ដារ រួមទាំងការបែងចែកបន្ថែមចំនួន ៣៥០ពាន់លានដុល្លារ តាមរយៈយន្តការបោះឆ្នោតពិសេសមួយដើម្បីចៀសវាងការទាមទារការគាំទ្រពីគណបក្សប្រជាធិបតេយ្យ។
ជុំវិញសំណើនេះនឹងបង្កើនការចំណាយរបស់ក្រសួងការពារជាតិ រហូតដល់ចំនួន ១,៥ទ្រីលានដុល្លារ ពោលគឺច្រើនជាងឆ្នាំមុន ៤០% ដែលជាការកើនឡើងយ៉ាងខ្លាំង គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ មក ខណៈពេលដែលរដ្ឋបាលសហរដ្ឋអាមេរិក ខិតខំរក្សាប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ីរ៉ង់ និងបំពេញបន្ថែមនូវឃ្លាំងអាវុធដែលស្ទើរតែអស់របស់ខ្លួន។
ជម្រាបជូនថា សំណើថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះឆ្លុះបញ្ចាំងពីសម្ពាធហិរញ្ញវត្ថុកាន់តែខ្លាំងឡើងនៃជម្លោះនៅមជ្ឈិមបូព៌ា ដែលឥឡូវនេះចូលដល់សប្តាហ៍ទីប្រាំមួយហើយ និងបានបង្កឲ្យមានការប្រឈមមុខដាក់គ្នាខាងនយោបាយ នៅក្នុងសភាសហរដ្ឋអាមេរិកផងដែរ៕

