នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា ទ្រី ភាព អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានអញ្ជើញសំណេះសំណាល និងបំពាក់់គ្រឿងបំពាក់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកកណ្ដាលស្ទឹង ចំនួន ១៤៨រូប ដោយមានសមាសភាពអ្នកចូលរួមសរុបប្រមាណ ៣០០នាក់។

ថ្លែងក្នុងពិធីនេះដែរ លោកអ្នកឧកញ៉ា បានមានប្រសាសន៍លើកទឹកចិត្តដល់មន្រ្តីរាជការនៃរដ្ឋបាលស្រុកកណ្ដាលស្ទឹងទាំងអស់ ដែលបានខិតខំបំពេញការងារយ៉ាងយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកអ្នកឧកញ៉ា ក៏បានបន្ថែមទៀតថា ការទទួលបានគ្រឿងឥស្សរិយយសនេះ គឺជាការបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះបងប្អូនមន្ត្រីរាជក្នុងមូលដ្ឋាន។
លោកអ្នកឧកញ៉ា ទ្រី ភាព បានស្នើសុំឱ្យមន្ត្រីរាជការខិតខំឱ្យអស់ពីសមត្ថភាពក្នុងការបំពេញការងារបន្ថែម ពោលគឺត្រូវប្រាកដថា ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានទទួលសេវាសាធារណៈគ្រប់ៗគ្នា និងស្មើភាពគ្នា។ ក្នុងឱកាសនេះ លោកអ្នកឧកញ៉ា បាននាំយកអំណោយជាថវិកាមួយចំនួនជូនដល់គណបក្សស្រុក គណបក្សឃុំទាំង ១៨ កងកម្លាំងទាំង ៣ អង្គភាព ប្រជាការពារ និងសមាសភាពអញ្ជើញចូលលរួមទាំងអស់។ កម្មវិធីនេះបានចំណាយថវិកាអស់ប្រមាណ ១៥០ លានរៀល៕









