អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប (GTVC Group) នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ និងបុគ្គលិកក្រុមហ៊ុនទូកល្បឿនលឿន ជីធីវីស៊ី ស្ពីដប៊ូត (GTVC Speedboat) ចុះទស្សនកិច្ចតាមផ្លូវទឹក ទៅកាន់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត។

អ្នកឧកញ៉ាអគ្គនាយក បានបង្ហោះរូបភាពជាច្រើនសន្លឹកលើបណ្តាញសង្គមហ្វេសប៊ុក ភ្ជាប់ជាមួយសារបែបនេះថា៖ “ដឹកនាំក្រុមការងារ ក្រុមហ៊ុន ជីធីវីស៊ី ស្ពីដប៊ូត ធ្វើដំណើរទស្សនកិច្ចតាមផ្លូវទឹក មកកាន់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត”។
ជាមួយគ្នានេះ អ្នកឧកញ៉ា ទៀ វិចិត្រ ក៏បានឱ្យដឹងផងដែរថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតដ៏ប្រណិតនេះនឹងក្លាយជាច្រកទ្វារអន្តរជាតិដ៏សំខាន់ថ្មីមួយទៀតរបស់កម្ពុជា សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងធ្វើដំណើរកម្សាន្តតាមផ្លូវទឹក និងផ្លូវសមុទ្ររវាងកម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ។
សូមជម្រាបថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត មានទីតាំងស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអតីបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលថ្ងៃទី២១ មេសា ឆ្នាំ២០២៥។ កំពង់ផែទេសចរណ៍អន្តរជាតិតម្លៃជាង ១៨ លានដុល្លារនេះ ស្ថិតនៅជាប់នឹងដងព្រែក មានចម្ងាយ ៦ គីឡូម៉ែត្រពីក្រុងកំពត៕













