លោកអ្នកឧកញ៉ា ២រូប ចូលរួមកិច្ចប្រជុំជាមួយឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ កំណត់អត្រាការប្រាក់កម្ចីទិញផ្ទះ ត្រឹម ៦,២% ទៅ ៦,៥%

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កាណាឌីយ៉ា គ្រុប និងជាប្រធានសមាគមអ្នកសាងសង់កម្ពុជា និងលោកអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប និងជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីផ្តល់នូវជម្រើសថ្មីដ៏ល្អមួយសម្រាប់អតិថិជនទិញផ្ទះ ដោយកំណត់អត្រាការប្រាក់ត្រឹមពី ៦,២% ទៅ ៦,៥%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងវិស័យឯកជន ដែលមានតំណាងធនាគារជាតិ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុ សមាគមអ្នកសាងសង់កម្ពុជា ធនាគារចិន (Bank Of China)។ ជាលទ្ធផល កិច្ចប្រជុំបានលើកនូវជម្រើសថ្មីជូនអ្នកអភិវឌ្ឍលំនៅឋាន និងអ្នកដែលបានទិញផ្ទះ និងមានបំណងទិញផ្ទះ ដោយធនាគារនឹងផ្តល់នូវអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែងពី ៦,២% ទៅ ៦,៥%។

គួររំឭកថា កាលខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានដឹកនាំកិច្ចប្រជុំជាមួយតំណាងធនាគារជាតិនៃកម្ពុជា, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ PPCB, ធនាគារ J Trust, ធនាគារ RHB, ធនាគារ First Commercial Bank, ធនាគារ FTB, ធនាគារ Agri-Bank និងធនាគារ SBI LY HOUR Bank ព្រមទាំងបានសម្រេចគាំទ្រគំនិតផ្តួចផ្តើម ក្នុងការបន្ធូរបន្ថយការប្រាក់លើកម្ចីសម្រាប់ការអភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យ មកត្រឹម ៨% ក្នុងមួយឆ្នាំ ដែលអត្រាការប្រាក់ថ្មីនេះ នឹងផ្តល់ឱ្យអតិថិជន ទិញលំនៅឋាននូវលទ្ធភាពអនុវត្តកាតព្វកិច្ចសងត្រឡប់ កាន់តែមានភាពងាយស្រួល។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ដល់យុវជនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមាណ ១៦០នាក់ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានបញ្ជាក់ផងដែរថា លោកនឹងព្យាយាមចរចាជាមួយតំណាងធនាគារនានានៅកម្ពុជា ធ្វើយ៉ាងណាជួយទម្លាក់អត្រាការប្រាក់ឱ្យទាបជាងមុន សម្រាប់កម្ចីបង់រំលស់ផ្ទះ ឬទិញអចលនវត្ថុ ដើម្បីជំរុញឱ្យវិស័យអចលនទ្រព្យកម្ពុជា មានសន្ទុះងើបឡើងវិញ នៅឆ្នាំ២០២៥នេះ៕