ឧកញ៉ា ស គីណាល់ ជាប់ឆ្នោតជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា អាណត្តិទី៧ ជំនួសឧកញ៉ាមួយរូប

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ស គីណាល់ ត្រូវបានសមាជិក សមាជិកា នៃក្រុមប្រឹក្សាភិបាល បោះឆ្នោតជ្រើសរើសជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា អាណត្តិទី៧ (២០២៦-២០២៩) ជំនួសឧកញ៉ា ប៉ិច បូឡែន ដែលជាប្រធានសមាគម កាលអាណត្តិទី៦ (២០២៣-២០២៦)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំកម្មវិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល អាណត្តិទី៧ ដែលបានប្រព្រឹត្តទៅយ៉ាងអធិកអធមនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ បេក្ខភាពក្រុមប្រឹក្សាភិបាលអាណត្តិទី៧ នីមួយៗបានធ្វើបទបង្ហាញយ៉ាងខ្លីខ្លឹមអំពីចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្ររៀងៗខ្លួន ដើម្បីបម្រើផលប្រយោជន៍សមាជិក និងជំរុញសកម្មភាពសមាគមឱ្យកាន់តែមានសក្តានុពល។ ដំណើរការបោះឆ្នោតត្រូវបានរៀបចំឡើងយ៉ាងមានតម្លាភាព និងទំនុកចិត្តខ្ពស់បំផុត ក្រោមការចូលរួមបោះឆ្នោតពីសំណាក់ក្រុមប្រឹក្សាភិបាល និងសមាជិកដែលមានសិទ្ធិបោះឆ្នោត ដោយមានការពិនិត្យ និងត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីសំណាក់ក្រុមប្រឹក្សាភិបាលពិគ្រោះយោបល់របស់សមាគម។

សូមជម្រាបថា បន្ទាប់ពីកម្មវិធីបោះឆ្នោតក្រុមប្រឹក្សាភិបាលអាណត្តិទី៧ នាល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានទទួលស្វាគមន៍វត្តមានអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពិធីលៀងសាយភាជន៍ នៃមហាសន្និបាត ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាពិសេសដោយបានកោតសរសើរចំពោះស្មារតីសហគ្រិនភាព និងការរួមចំណែកយ៉ាងសកម្មក្នុងសមាគម ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចនៅកម្ពុជាឱ្យកាន់តែរឹងមាំ។ ឯកឧត្តមបានផ្តល់នូវការលើកទឹកចិត្ត និងអនុសាសន៍គន្លឹះៗដល់ក្រុមប្រឹក្សាភិបាលអាណត្តិទី៧ និងថ្នាក់ដឹកនាំ ក៏ដូចជាសមាជិកទាំងអស់ ឱ្យបន្តពង្រឹងសាមគ្គីភាព និងសមត្ថភាព ដើម្បីក្លាយជាសសរទ្រូងនៃសេដ្ឋកិច្ចជាតិ ស្របតាមចក្ខុវិស័យអភិវឌ្ឍរបស់រាជរដ្ឋាភិបាល៕