សមាគមសហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង មកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាសមាគមមិនរកប្រាក់ចំណេញ បង្កើតឡើងដើម្បីផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រី ដើម្បីចូលរួមលើកកម្ពស់សហគ្រិន និងយុវជន តាមរយៈការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតឱកាសអាជីវកម្មនានា។ នេះបើតាមគេហទំព័រផ្លូវការ របស់សមាគម។

អស់រយៈពេលជាង ១៥ ឆ្នាំមកនេះ សមាគមបានរួមចំណែកយ៉ាងធំធេងដល់កិច្ចការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព គោលនយោបាយធុរកិច្ច ការវិនិយោគ និងការជួយជំរុញវឌ្ឍនភាពសហគ្រិន និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលជាឆ្អឹងខ្នងដ៏សំខាន់របស់សេដ្ឋកិច្ចកម្ពុជា។ MSMEs មានប្រមាណជា ៥០០,០០០ សហគ្រាសសមមូលនឹង ៩៩,៨% នៃក្រុមហ៊ុនទាំងអស់ដែលផ្ដល់ការងារដល់ ៧០% នៃកម្លាំងពលកម្មសរុប និងចូលរួមក្នុងសេដ្ឋកិច្ចជាតិស្មើនឹង ៥៨% នៃផលិតផលក្នុងស្រុកសរុប។ សមាគមបានដើរតួយ៉ាងសំខាន់ ក្នុងភាពជាដៃគូជាមួយស្ថាប័នដៃគូអភិវឌ្ឍន៍ រាជរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនដោយផ្ទាល់ ក្នុងការអភិវឌ្ឍធុរកិច្ច និងចូមរួមចំណែកយ៉ាងសកម្មបំផុត ក្នុងការលើកកម្ពស់ធុរកិច្ចកម្ពុជាឱ្យកាន់តែមានសមត្ថភាព និងអាចប្រកួតប្រជែងក្នុងវិស័យធុរកិច្ចក្នុងតំបន់ និងអន្តរជាតិ។
បច្ចុប្បន្ន សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានសមាជិកប្រមាណជា ៦០០ នាក់ដែលតំណាងឱ្យក្រុមហ៊ុនប្រហែល ១៨០០ ក្រុមហ៊ុន ស្ថិតនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្ត កំពត និងខេត្តកែប។ សមាគមក៏កំពុងធ្វើការយ៉ាងសកម្មក្នុងការរៀបចំបង្កើតសាខាសមាគមក្នុងខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត ហើយសមាគមបានដាក់គោលដៅបើកសាខាឱ្យបានគ្រប់ខេត្តទូទាំងប្រទេសកម្ពុជា នៅត្រឹមដំណាច់ឆ្នាំ ២០២៦។ គោលបំណងសំខាន់គឺដើម្បីចងក្រងសហគ្រិនវ័យក្មេងទូទាំងប្រទេស ចូលរួមជាប្រតិបត្តិករសេដ្ឋកិច្ច អភិវឌ្ឍសហគ្រិនភាព និងរួមគ្នាលើកម្ពស់សេដ្ឋកិច្ចជាតិ។
សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានចក្ខុវិស័យជួយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ឱ្យឈានទៅរកការធ្វើអាជីវកម្មបែបឌីជីថល បរិយាបន្ន និងភាពច្នៃប្រឌិត ដើម្បីតាមទាន់នូវការវិវត្តរបស់បច្ចេកវិទ្យាឥតឈប់ឈរ។ យោងតាមការសិក្សារបស់សមាគមអំពីបញ្ហាប្រឈមរបស់សហគ្រិននៅកម្ពុជាកន្លងមកឃើញថា សហគ្រិន និងម្ចាស់អាជីវកម្មបាននិងកំពុងជួបបញ្ហាជាច្រើន ក្នុងនោះរួមមាន កង្វះលទ្ធភាពទទួលបានហិរញ្ញប្បទានបំណុល និងវិនិយោគទុន កង្វះធនធានមនុស្សដែលមានជំនាញ និងផលិតភាពខ្ពស់ និងកង្វះលទ្ធភាពទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ព្រមទាំងបញ្ហាមួយចំនួនផ្សេងទៀត។ ដូច្នេះ សមាគមបានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ ២០២០-២០២៥ ចំនួន ៦ សំខាន់ៗ (បច្ចុប្បន្នកំពុងសិក្សាដាក់ចេញទិសដៅយុទ្ធសាស្ត្រ ២០២៦-២០៣០) ដើម្បីជាផែនការប្រតិបត្តិការស្នូលនៃសកម្មភាពរបស់សមាគម។
សូមជម្រាបថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា បច្ចុប្បន្នដឹកនាំដោយ ឧកញ៉ា ស គីណាល់ បន្ទាប់ពីលោកឧកញ៉ា បានជាប់ឆ្នោតជាប្រធានសមាគម អាណត្តិទី៧ (២០២៦-២០២៩) ជំនួសលោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគម អាណត្តិទី៦ (២០២៣-២០២៦) ក្នុងការបោះឆ្នោតក្រុមប្រឹក្សាភិបាល កាលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦៕




