អ្នកឧកញ៉ា ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានស្នើសុំដល់រដ្ឋាភិបាល យកចិត្ដទុកដាក់ និងត្រួតពិនិត្យលើការនាំចូលជីកសិកម្ម កុំឱ្យគេនាំចូលជីដែលគ្មានគុណភាពមកលក់ឱ្យកសិករដែលអាចនឹងធ្វើឱ្យខូចដីកសិកម្ម ទទួលបានទិន្នផលតិច ចំណែកថ្លៃផលិតខ្ពស់។ ការស្នើសុំបែបនេះរបស់អ្នកឧកញ៉ា ធ្វើឡើងនៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅវិមានរដ្ឋសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥។

នាឱកាសនោះ អ្នកឧកញ៉ា ម៉ុង ឬទ្ធីបានកោតសរសើរ និងអរគុណដល់រាជរដ្ឋាភិបាលដែលបានខិតខំប្រឹងប្រែងកសាងប្រទេសជាតិតាំងពីបាតដៃទទេ រហូតមានអ្វីៗសព្វគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ដោយយើងវិវត្ដតាំងពីគ្មានអង្ករច្រកឆ្នាំង រហូតដល់នាំអង្ករចេញយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយស្ទើតែពិបាករកទីផ្សារក្នុងការលក់អង្ករទៅទៀត។
ទោះបីជាបែបនេះក៏ដោយ អ្នកឧកញ៉ា បានសង្កេតឃើញថា បញ្ហាលំបាកយើងនៅតែជួបប្រទះ។ ទន្ទឹមនឹងនោះ អ្នកឧកញ៉ា ក៏ស្នើសុំរាជរដ្ឋាភិបាល មេត្ដាត្រួតពិនិត្យការនាំចូលជីកសិកម្ម កុំឱ្យគេនាំចូលជីដែលគ្មានគុណភាពមកលក់ឱ្យកសិករដែលអាចនឹងធ្វើឱ្យខូចដីកសិកម្ម ទទួលបានទិន្នផលតិច ចំណែកថ្លៃផលិតខ្ពស់។
ជាមួយគ្នានោះ អ្នកឧកញ៉ា ក៏បានស្នើរដ្ឋាភិបាលបង្កើនការយកចិត្ដទុកដាក់ចំពោះការដាំដុះឈើហូបផ្លែ ពីព្រោះប្រទេសជិតខាងយកមកលក់ឱ្យយើង គឺនៅពេលដែលគេឈប់ប្រើទៅហើយ ដោយបំណងរបស់គេ គឺមិនចង់ឱ្យយើងទទួលបានផលច្រើនជាងគេនោះទេ បំណងរបស់គេគឺធ្វើឱ្យយើងទទួលបានផលតិច ដើម្បីឱ្យយើងបាននាំចូលបន្លែ ផ្លែឈើពីគេមក។
សូមជម្រាបជូនថា អ្នកឧកញ៉ា ម៉ុង ឬទ្ធី ក្រៅពីការងារជាប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា អ្នកឧកញ៉ា ក៏ជាអ្នករកស៊ីជើងចាស់មួយរូបដ៏មានសក្តានុពល ដែលល្បីល្បាញខាងវិស័យកសិកម្ម បច្ចុប្បន្នជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ដែលឈរជើងជាង ៣៤ឆ្នាំមកហើយ ក្នុងពិភពមុខជំនួញ និងនាំផលិតផលសម្រេចជាច្រើនទៅកាន់ពិភពលោកឲ្យបានស្គាល់ពីកម្ពុជា៕





