នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដែលត្រូវនឹងថ្ងៃនៃ ទិវាពលកម្មអន្តរជាតិ ខួបលើកទី១៤០ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធាន«មូលនិធិអប់រំកុមារ» និង លោក យិន សំបូរ និពន្ធនាយកសារព័ត៌មាន ឧកញ៉ាញ៉ូស៍ និងសហការី រួមទាំងនិស្សិតស្ម័គ្រចិត្តនៃវិទ្យាស្ថានខេមអេដ នឹងសហការគ្នានាំយកកង់ចំនួន ២៩ គ្រឿង ប្រគល់ជូនសិស្សខ្វះខាតជីវភាព និងសិស្សានុសិស្សទូទៅ សរុប ចំនួន ៣៤៤ ឈុត នៅទីតាំង សាលាបឋមសិក្សាឈើទាល ភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានឱ្យដឹងថា សម្ភារៈសិក្សាដែលគ្រោងនឹងយកទៅចែកជូននេះ រួមមាន៖ កង់ចំនួន ២៩ គ្រឿង, សៀវភៅ កាតាប ខ្មៅដៃ ប៊ិច បន្ទាត់ ជ័រលុប ប្រដាប់ខួង សរុបចំនួន ៣៤៤ឈុត យកចែកជូនសិស្សានុសិស្សសរុបចំនួន ៣៤៤ នាក់ (២៩នាក់ ខ្វះខាតជីវភាពខ្លាំង)។

ជាមួយនឹងគម្រោងចុះចែកសម្ភារៈសិក្សាដល់សិស្សដែលខ្វះខាតពិតប្រាកដនេះ «មូលនិធិអប់រំកុមារ» ក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់មេត្តាចូលរួមឧបត្ថម្ភតាមសទ្ធា ជ្រះថ្លា ដោយសេចក្ដីមេត្តាទាំងអស់គ្នា។
ទន្ទឹមនឹងនោះ «មូលនិធិអប់រំកុមារ» ក៏សូមគោរពថ្លែងំណរគុណដល់បងប្អូនសប្បុរសជន ទាំងអស់ ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ទាំងអស់ដែលបានបន្តចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈសិក្សានានា ក្នុងយុទ្ធនាការយកទៅទិញសម្ភារៈសិក្សា និងកង់ ជូនក្មួយៗកុមារកំព្រា ខ្វះខាតជីវភាពខ្លាំង!

ការចូលរួមរបស់បងប្អូន គឺជាកម្លាំងចលករសំខាន់បំផុត ក្នុងការគាំពារបេសកកម្មសប្បុរសធម៌ ជួយលើកទឹកចិត្តកុមារកម្ពុជាឱ្យបន្តខិតខំរៀនសូត្រ និងប្ដេជ្ញាថា នឹងមិនបោះបង់ការសិក្សាដាច់ខាត!

គួរបញ្ជាក់ផងដែរថា «មូលនិធិអប់រំកុមារ» បានបង្កើតឡើងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោកបណ្ឌិត គី សេរីវឌ្ឍន៍ និងសហការី ដោយមានការចូលរួមឧបត្ដម្ភពីសប្បុរសជនជិតឆ្ងាយនានា ដែលមានគោលដៅរួម គឺជួយដល់កុមារតូចៗ ដែលស្រលាញ់ការសិក្សារៀនសូត្រ ប៉ុន្តែប្រឈមនឹងការបោះបង់ការសិក្សា ដោយសារតែមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តការសិក្សារៀនសូត្រ និងខ្លះជាកុមារកំព្រាអាណាព្យាបាល កុមារនៅតាមមណ្ឌលកុមារកំព្រា មិនមានអ្នកមើលថែ ដូចកុមារដទៃ។

«មូលនិធិអប់រំកុមារ» មានគោលដៅចង់ឱ្យកុមាដែលស្រលាញ់ការសិក្សារៀនសូត្រ អាចមានលទ្ធភាពរៀនសូត្របានយ៉ាងហោចណាស់ត្រឹមថ្នាក់ទី១២ ហើយប្រសិនជាកុមានោះខ្វះលទ្ធភាពបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនោះ មូលនិធិអប់រំកុមារ នឹងបន្តខ្នះខ្នែងស្វែងរកអាហាររូបករណ៍នៅតាមសាកលវិទ្យាល័យនានា ជូនពួកគាត់ ដែលមានសមត្ថភាព និងស្រលាញ់ការសិក្សាពិតប្រាកដ៕


























