កប៉ាល់ជប៉ុនដំបូងបំផុតឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព ចាប់តាំងពីផ្ទុះជម្លោះមក

អន្តរជាតិ

កប៉ាល់ដឹកប្រេង Sohar LNG បានឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព និងក្លាយជាកប៉ាល់របស់ប្រទេសជប៉ុនដំបូងគេបំផុតដែលធ្វើដំណើរឆ្លងកាត់តំបន់នេះ ក្នុងរយៈពេលជាងមួយខែកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានReuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនដឹកជញ្ជូនខ្នាតយក្ស Mitsui OSK Lines ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បានប្រកាសកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG) របស់ខ្លួន គឺ Sohar LNG បានឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយជោគជ័យ ដោយសមាជិកនាវិកទាំងអស់មានសុវត្ថិភាព។ អ្នកនាំពាក្យម្នាក់ បានបដិសេធមិននិយាយថា ការធ្វើដំណើរនេះបានកើតឡើងនៅពេលណា ឬមានការចរចាអ្វីខ្លះជាមួយអ៊ីរ៉ង់ឬអត់នោះឡើយ។

គួរឲ្យដឹងថា កប៉ាល់ Sohar LNG បានស្ថិតនៅក្នុងឈូងសមុទ្រ ចាប់តាំងពីថ្ងៃទី២៥ ខែកុម្ភៈ ហើយបានបញ្ជូនសញ្ញាកំណត់អត្តសញ្ញាណថាជាកប៉ាល់ដឹកទំនិញមកពីប្រទេសអូម៉ង់។ នេះគឺជាកប៉ាល់ជប៉ុនដំបូងគេ និងក៏ជាកប៉ាល់ដឹកជញ្ជូនឧស្ម័ន LNG ដំបូងគេ ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz គិតចាប់តាំងពីថ្ងៃទី១ ខែមីនាមក។

យោងតាមក្រសួងដឹកជញ្ជូនរបស់ប្រទេសជប៉ុន គិតត្រឹមព្រឹកថ្ងៃទី៣ ខែមេសា កប៉ាល់ប្រមាណ ៤៥ គ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនជប៉ុន នៅតែជាប់គាំងនៅក្នុងឈូងសមុទ្រ។

ជម្រាបជូនថា យោងតាមទិន្នន័យរបស់ក្រុមហ៊ុនវិភាគ Kpler បានបង្ហាញឲ្យដឹងថា កប៉ាល់ប្រមាណ ២៤០ គ្រឿងបានឆ្លងកាត់ច្រកសមុទ្រ Hormuz ចន្លោះថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី៣ ខែមេសា ដែលជាការថយចុះ ៩៤% បើប្រៀបធៀបទៅនឹងកម្រិតមុនជម្លោះ។ ក្នុងចំណោមនោះ ១៥១ គ្រឿងជាកប៉ាល់ដឹកប្រេង និងឧស្ម័ន៕​