អាជ្ញាធរ និងកម្លាំងអនុវត្តច្បាប់នៅទូទាំង ២៥ រាជធានី-ខេត្ត នឹងចាប់ផ្តើមអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាថ្មី ដែលទើបត្រូវបានដាក់ឱ្យប្រើប្រាស់ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ និងស្ដារកិត្តិយសជាតិកម្ពុជា។

ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមាន ៥ ជំពូក និង ២៤ មាត្រា ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីមានការចុះហត្ថលេខាដោយលោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។
ច្បាប់នេះកំណត់បង្កើតបទល្មើសព្រហ្មទណ្ឌថ្មីចំនួន ៥ រួមមាន បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោក បទជ្រើសរើស ឬបណ្តុះបណ្តាលអ្នកចូលរួម បទប្រមូលទិន្នន័យផ្ទាល់ខ្លួនដោយចេតនាទុច្ចរិត និងបទសម្អាតប្រាក់ក្នុងទម្រង់ពិសេស។
ច្បាប់នេះកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។
ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបទល្មើសឆបោកដែលត្រូវបានប្រព្រឹត្តតាមប្រព័ន្ធបច្ចេកវិទ្យា ឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើស ព្រមទាំងចំពោះបទល្មើសដែល ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សូមជម្រាប់ថា តាមបទប្បញ្ញត្តិថ្មីនៃច្បាប់នេះ ជនល្មើសអាចប្រឈមនឹងទោសពន្ធនាគាររហូតដល់មួយជីវិត ពិន័យជាប្រាក់រហូតដល់ ១,០០០ លានរៀល និងការរឹបអូសទ្រព្យសម្បត្តិ៕ អត្ថបទ៖ហ្សាលីន

