គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ផ្តល់អត្រាផលចំណេញផ្នែកសេដ្ឋកិច្ចជិត២០%

សង្គម​និង​សេដ្ឋកិច្ច

បើទោះបីគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ទើបប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី៧ ខែមិថុនាក្តី តែគម្រោងមួយនេះ មានការវាយតម្លៃឬធ្វើប៉ាន់ប្រមាណថា ផ្តល់អត្រាផលចំណេញផ្នែកសេដ្ឋកិច្ចរហូតដល់ជិត២០% ពោលច្រើនជាងគម្រោងសាងសង់មុនៗ ដែលមានអត្រាផលចំណេញផ្នែកសេដ្ឋកិច្ចជាង១២%ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា គម្រោងនីមួយៗប្រើថវិកាសម្រាប់សាងសង់មានថវិកាជាប្រាក់កម្ចី និងជាថវិកាជាតិ ហើយអ្នកវិនិយោគគេមើលអត្រានៃការចំណេញផ្នែកសេដ្ឋកិច្ចសង្គមក៏ដូចជាអត្រាចំណេញផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសាងសង់។

លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា «យើងសិក្សាទៅលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ យើងទទួលបានអត្រាចំណេញផ្នែកសេដ្ឋកិច្ចច្រើន មានរហូតដល់ជិត២០% ពោលច្រើនជាងគម្រោងសាងសង់មុនៗមានអត្រាចំណេញផ្នែកសេដ្ឋកិច្ចជាង១២%»។

យោងតាមលោក ស៊ុន ចាន់ថុល ផ្លូវល្បឿនលឿនភ្នំពេញទៅបាវិត នៅពេលសាងសាង់រួចរាល់ដាក់ឱ្យដំណើរដូចទៅនិងផ្លូវល្បឿនលឿន ភ្នំពេញ ក្រុងព្រះសីហនុ ធ្វើឱ្យអ្នកធ្វើដំណើរចំណេញពេលវេលា ចំណេញប្រេងសំាង និងមិនមានគ្រោះថ្នាក់ចរាចរណ៍ជាដើម។

លោកបន្តថា «ផ្លូវថ្មីនេះ បានតភ្ជាប់រវាងកម្ពុជា និងវៀតណាម ដោយសារផ្លូវល្បឿនលឿននេះ ជាផ្នែកមួយនៃផ្លូវអាស៊ានហៃវេលេខ១ដែលដឹកទំនិញឆ្លងកាត់ពីប្រទេសចិន ភូមា ថៃ មកដល់កម្ពុជាយើង តាមផ្លូវជាតិលេខ៥ហើយឆ្លងមកផ្លូវជាតិលេខ១ឬផ្លូវល្បឿនលឿននេះ ដើម្បីដឹកទំនិញទៅវៀតណាមឬពីវៀតណាមមកកម្ពុជាហើយទៅប្រទេសថៃវិញ ដូច្នេះជាផលចំណេញមួយដ៏ធំផ្នែកសេដ្ឋកិច្ច»។

លោកលើកឡើងថា សម្រាប់ក្រុមហ៊ុន បានប្រាក់កម្រៃនៅពេលយើងប្រើប្រាស់ផ្លូវល្បឿនលឿននេះ តាមរយៈការយកប្រាក់១៣៥០លានដុល្លារអាមេរិក មកវិនិយោគ ដែលជាធម្មតាការវិនិយោគលើផ្លូវល្បឿនលឿនមិនងាយបានប្រាក់ចំណេញលឿនទេ ក្នុងរយៈពេល១០ឆ្នំាដំបូង។ប៉ុន្តែនេះ គឺជាការចូលរួមរបស់រដ្ឋាភិបាលចិនជម្រុញឱ្យអ្នកវិនិយោគចិនមកដាក់ទុននៅកម្ពុជា ដើម្បីឱ្យតំបន់យើងក៏ដូចជាពិភពលោកមានការរីកចម្រើន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចោទជាសំនួរថា តើក្រុមហ៊ុនចិនគេហ៊ានយកលុយ១៣៥០លានដុល្លារអាមេរិកមកដាក់ទុននៅកម្ពុជាឬទេ?

លោកសង្កត់ធ្ងន់ថា បើគេគ្មានទំនុកទុកចិត្តលើប្រទេសជាតិយើង គេមិនយកលុយមកវិនិយោគនោះទេ។ដូច្នេះបង្ហាញថាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី​​ មានការទុកចិត្តពីប្រទេសដៃគូអភិវឌ្ឍន៍ផ្សេងៗ ផ្តល់ជាជំនួយឥតសំណង សប្បទាន ឬវិនិយោគឯកជនដើម្បីស្តារ លើកកម្រិតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយតម្លៃដឹកជញ្ជូន ឡូជីស្ទិក ដែលអនុញ្ញាតឱ្យយើងទាក់ទាញអ្នកវិនិយោគចូលមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា បង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ ធ្វើឱ្យយើងមានឱកាសដើម្បីយកកសិផល ផលិតផលយើងទៅលក់នៅបរទេស ទាក់ទាញទេសចររាប់លាននាក់មកលេងនៅកម្ពុជាយើង»៕

អត្ថបទ៖សារេត