សម្តេចតេជោ ហ៊ុន សែន ទទួលបានគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ និងសាមគ្គីភាព»

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នេះ បានទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ និងសាមគ្គីភាព»។ ពិធីនេះបានរៀប​ចំធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រវត្តភ្នំ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចតេជោ​ ហ៊ុន សែន បាន បានថ្លែងអំណរគុណដល់គណៈកម្មាធិការ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានរៀបចំពិធីដ៏មហោឡារិក និងសូមសម្តែងនូវ អំណរគុណជូនចំពោះ អង្គការពុទ្ធសាសនិកពិភពលោក និង សកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានជ្រើសរើសថ្ងៃដ៏ពិសិដ្ឋនេះដើម្បីផ្តល់គោរមងារជា «ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក» និងផ្ដល់សញ្ញាបត្រ «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» ជូនដល់សម្តេចនាពេលនេះ។

សម្តេចតេជោបានបន្តថា៖« ខ្ញុំពិតជាមានចិត្តអំណរប្រកបដោយការគោរពយ៉ាងខ្លាំងចំពោះកាយវិការដ៏ប្រពៃថ្លៃថ្លានេះ និងថ្លែងអំណរគុណដល់លោក ម៉ូរីតា នរីតាដា (Morita Noritada) ដែលបាន និងកំពុងភ្ជាប់ទំនាក់ទំនងយ៉ាងសកម្ម ជាមួយបណ្ដាប្រទេសមេគង្គ និងលើកកម្ពស់សន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់តាំងពីឆ្នាំ១៩៩៣។៣០ឆ្នាំក្រោយមក នាថ្ងៃនេះ លោក ម៉ូរីតា ក៏កំពុងមាន វត្តមាននៅទីនេះជាមួយយើងទាំងអស់គ្នាផងដែរ។

គួរបញ្ជាក់ដែរថា តាមរយៈការទទួលបានគោរមងារកិត្តិយសនាពេលនេះ សម្តេចតេជោ បានអះអាងថា គឺកើតឡើងដោយសារតែការចូលរួមរបស់ លោក ម៉ូរីតា ដែលបានបំពេញតួនាទីជាច្រើនក្នុងនាមជាព្រឹទ្ធបុរសមួយរូបរបស់អាស៊ី។ លោក ម៉ូរីតា គឺជាមនុស្សដំបូងគេរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានមកសម្តេចដើម្បីពិភាក្សាអំពីការចូលរួមរបស់កម្ពុជាទៅក្នុងកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ។ការចូលរួមដោយមិនគិតពីការនឿយហត់របស់លោក ម៉ូរីតា ក្នុងការស្តារនិង កសាងប្រទេសកម្ពុជាឡើងវិញ ស័ក្តិសមនឹងទទួលបានពីសម្តេចនូវការកោតសរសើរ និងការគោរពអស់ពីដួងចិត្ត។

ជាក់ស្តែង សម្តេចបន្តថា លោក ម៉ូរីតា មិនត្រឹមតែជាអ្នកដែលបានទៅទស្សនាប្រាសាទ ព្រះវិហារច្រើនជាងគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកដែលបាន ជួយបង្កើនសន្ទុះនៃការជំរុញដល់ភាពជោគជ័យនៃគំនិតផ្តួចផ្តើម ជាច្រើននៃកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍ និងកសាងសន្តិភាព រវាងកម្ពុជា និងថៃ ទៀតផង។

លើសពីណេះទៀត សម្តេចតេជោ ហ៊ុន សែន បានអះអាងដែរថា ការផ្តល់គោរមងារ និងសញ្ញាបត្រកិត្តិយសនាពេលនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់សម្តេច និងប្រជាជនកម្ពុជាទាំងអស់ និងបានបង្ហាញអំពីទំនាក់ទំនងដែលមិនអាច កាត់ថ្លៃបានរវាងព្រះពុទ្ធសាសនា សន្តិភាព ការអភិវឌ្ឍ និង សន្តិសហវិជ្ជមាន ប្រកបដោយសុខដុមរមនានៃមនុស្សជាតិ៕