តើរថយន្ដមួយទឹកពីសហរដ្ឋអាមេរិក មានតម្លៃទីផ្សារប្រែប្រួលខ្លាំងដែរទេ ក្រោយកម្ពុជា ទម្លាក់អត្រាពន្ធគយ ០ ភាគរយ?

សង្គម​ និង​សេដ្ឋកិច្ច

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ បានបង្ហើបឱ្យដឹងថា ទំនិញនាំចូលមកកម្ពុជាពីសហរដ្ឋអាមេរិក ជាង ១១៤០០បន្ទាត់ពន្ធ គឺអត្រាពន្ធគយសូន្យភាគរយទាំងអស់ ក្នុងនោះក៏មានការនាំចូលរថយន្ដមួយទឹក ពីសហរដ្ឋអាមេរិកផងដែរ គឺពន្ធគយ ០ភាគរយដូចគ្នា ប៉ុន្តែការគិតពន្ធផ្សេងទៀតក្រៅអំពីពន្ធគយ គឺនៅដដែល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជាមកនៅត្រឹម១៩% នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា៖ “ចំពោះពន្ធនេះនឹងចាប់អនុវត្តន៍ បន្ទាប់ពីមានកិច្ចព្រមព្រៀងពីសហរដ្ឋអាមេរិក គឺពន្ធបដិការ គឺធ្លាក់មក ០ភាគរយទាំងអស់ ដូច្នេះខ្ញុំសូមជម្រាបជូនថាមាន ១១៤១៤បន្ទាត់ពន្ធ ក្នុងចំណោមនោះក៏មានរថយន្ដមួយទឹក គឺធ្លាក់មក ០ភាគរយផងដែរ សូមបញ្ជាក់ថា ឲ្យតែទំនិញនាំចូលមកកម្ពុជាពីសហរដ្ឋអាមេរិក គឺសូន្យភាគរយទាំងអស់។ ចំពោះការអនុវត្តគឺចាប់ពីថ្ងៃនេះតទៅ គឺថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះតទៅ ខ្ញុំសូមបញ្ជាក់ថា ការធ្លាក់មកត្រឹមសូន្យភាគរយនេះ គឺពន្ធគយ ប៉ុន្ដែអាករពិសេស, VAT គឺនៅដដែល”។

ពាក់ព័ន្ធនឹងអត្រាពន្ធគយសូន្យភាគរយលើរថយន្តមួយទឹកពីសហរដ្ឋអាមេរិកនេះ លោក រ៉ុងសុង សូដាលាភ ស្ថាបនិក និយាយពីឡាន ដែលជាអ្នកជំនាញលើវិស័យយានយន្តមួយរូប បានបង្ហាញការយល់ឃើញថា អត្រាពន្ធគយសូន្យភាគរយលើរថយន្តមួយទឹកពីសហរដ្ឋអាមេរិកនេះ សូមបងប្អូនកុំទាន់ផ្អើល ដោយសារការគិតពន្ធលម្អិតយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាពុំទាន់បានវាយត្រាបញ្ជាក់បន្ថែមទេ ហើយពន្ធលើរថយន្តក៏មានច្រើនប្រភេទ ដូចជាពន្ធនាំចូល ឬពន្ធគយ (COP), អាករលើតម្លៃពិសេស (SOP), អាករលើតម្លៃបន្ថែម (VOP) និងតម្លៃរថយន្តនៅអាមេរិក។ លោកបន្ថែមថា ពីមុនពន្ធគយ ៣៥% ហើយឥឡូវធ្លាក់មក ០% ប៉ុន្តែបើពន្ធផ្សេងៗកើនឡើងវិញ ក៏តម្លៃឡានលើទីផ្សារមិនប្រែប្រួលនោះដែរ។ ដូច្នេះលោកសូមអំពាវនាវឱ្យរង់ចាំព័ត៌មានលម្អិតបន្ថែមពីក្រសួងស្ថាប័នរដ្ឋពាក់ព័ន្ធ។

ចំណែកឯ លោក ថុង រក្សា ស្ថាបនិកនៃក្រុមហ៊ុន Cambo Auto ក៏បានបង្ហាញទស្សនៈមិនខុសគ្នានោះដែរ។ លោក បានគូសបញ្ជាក់ថា រថយន្តនាំចូលពីសហរដ្ឋអាមេរិក គឺត្រូវគិតលើពន្ធ៣ប្រភេទរួមមាន ពន្ធគយ (ពីមុន ៣៥% បច្ចុប្បន្ន ០%), អាករលើតម្លៃពិសេស (រក្សា ៥០% ដដែល), អាករលើតម្លៃបន្ថែម VAT (១០% ដដែល)។ ឧទាហរណ៍ បើយើងទិញរថយន្ត Prius 015 តម្លៃថ្លៃដើម ២៤០០០ ដុល្លារ ទោះពន្ធគយ ០% ក៏នៅជាប់ពន្ធអាករផ្សេងៗដល់ ១៥៦០០ដុល្លារ ដូច្នេះសរុប ៣៩៦០០ដុល្លារ ដោយមិនទាន់គិតពីថ្លៃដឹកជញ្ជូន និងថ្លៃសេវារដ្ឋបាលផ្សេងៗទៀតផង។

ស្ថាបនិក Optimus Cambodia ក៏បានឱ្យដឹងផងដែរថា ពាក់ព័ន្ធកម្ពុជាយើងឈប់យកពន្ធគយនាំចូល ០% លើរថយន្តនាំចូលពីសហរដ្ឋអាមេរិក មិនអាចធ្វើឱ្យទីផ្សាររថយន្តមួយទឹកនៅកម្ពុជា ប្រែប្រួលខ្លាំងនោះទេ ព្រោះនៅមានពន្ធ អាករ និងចំណាយផ្សេងៗទៀត។ ទោះយ៉ាងណា លោកយល់ថា តម្លៃរថយន្តមួយទឹកពីអាមេរិក នឹងអាចមានតម្លៃធូរថ្លៃជាងមុនបន្តិចបន្តួច។

សូមជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជាមកនៅត្រឹម ១៩% ហើយជាការឆ្លើយតប កម្ពុជាក៏បានទម្លាក់ពន្ធលើការនាំចូលទំនិញអាមេរិកមកកម្ពុជា ០% លើ ១១៤១៤បន្ទាត់ពន្ធ រួមទាំងការនាំចូលរថយន្តមួយទឹក។ អត្រាពន្ធថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ តទៅ៕