អន្តរសភាអាស៊ាន៖ ការបោះឆ្នោតនៅកម្ពុជា រៀបចំបានល្អ និងបង្ហាញពីដំណើរការប្រជា​ធិបតេយ្យ​ ​ត្រឹមត្រូវ

សង្គម​និង​សេដ្ឋកិច្ច

គណៈប្រតិភូអន្តរសភាអាស៊ាន (AIPA ) បានលើកឡើងថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ នៅកម្ពុជា រៀបចំបានល្អ និងបង្ហាញពីដំណើរការប្រជាធិបតេយ្យដ៌ត្រឹមត្រូវ។ការលើកឡើងនេះ ត្រូវបានបង្ហាញឡើង តាមសេចក្តីថ្លែងការណ៍របស់គណៈប្រតិភូអន្តរសភាអាស៊ាន (AIPA) ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ នៅកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា​ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈប្រតិភូអន្តរសភាអាស៊ាន (AIPA) បានលើកឡើងថា ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅកម្ពុជា ប្រតិភូ AIPA ដែលបានចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំនេះ នៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ AIPA បានកោតសរសើរចំពោះរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា សម្រាប់ការប្តេជ្ញាចិត្តចំពោះ គោលការណ៍ប្រជាធិបតេយ្យ និងការខិតខំប្រឹងប្រែង របស់ពួកគេក្នុងការរៀបចំ និង ចាត់ចែងដំណើរការបោះឆ្នោតនេះ។

AIPA បញ្ជាក់ថាសេចក្ដីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងដោយឈរលើមូលដ្ឋាននៃការចូលរួមដោយផ្ទាល់ដើម្បីវាយ តម្លៃព័ត៌មានដែលបានផ្ដល់នៅក្នុងសម័យប្រជុំសង្ខេបមុនថ្ងៃបោះឆ្នោត និងការពិតដែលឆ្លុះបញ្ចាំង នៅលើ មូលដ្ឋាន ជាក់ស្ដែង។ ការសង្កេតការណ៍ត្រូវបានធ្វើឡើងលើដំណើរការបោះឆ្នោតទាំងមូល រួមទាំងការបើក និងបិទ ការិយាល័យបោះឆ្នោត បន្ទាប់មកដំណើរការរាប់សន្លឹកឆ្នោត។

AIPA បញ្ជាក់ថា ដំណើរការបោះឆ្នោតនៅកម្ពុជា បានបង្ហាញពីទិដ្ឋភាពវិជ្ជមានជាច្រើន ដែលរួមចំណែកដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលមានការរៀបចំបានល្អ។ គណៈប្រតិភូ AIPA មានឱកាស ដើម្បីសង្កេត មើលអំឡុងពេលមុនការបោះឆ្នោត ដែលត្រូវបានកត់សម្គាល់ដោយបរិយាកាសស្ងប់ស្ងាត់ និងសន្តិភាព ដែលអនុញ្ញាតឱ្យគណបក្សនយោបាយ និងបេក្ខជនធ្វើយុទ្ធនាការដោយសេរី។

AIPA បញ្ជាក់ថា វត្តមានរបស់គណបក្សនយោបាយជាច្រើនដែលតំណាងឱ្យមនោគមវិជ្ជាចម្រុះ បានអនុញ្ញាតឱ្យ មានការពិភាក្សា នយោបាយដ៏រស់រវើក និងផ្តល់ឱ្យអ្នកបោះឆ្នោតនូវជម្រើសចម្រុះ។ លើសពីនេះ គណៈប្រតិភូក៏មិនបានជួបប្រទះនូវការអនុវត្តការបំភិតបំភ័យ ការបង្ខិតបង្ខំ ឬអំពើហិង្សាណាមួយក្នុងអំឡុង ពេលដំណើរការ សង្កេតការណ៍នៅឯការិយាល័យបោះឆ្នោតដែលបានទៅទស្សនានោះទេ។

គណៈប្រតិភូ AIPA សន្និដ្ឋានថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣នៅកម្ពុជា បានប្រព្រឹត្តិទៅដោយ ជោគជ័យ បានអនុញ្ញាតឱ្យប្រជាជនកម្ពុជាប្រើប្រាស់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយតាមរយៈការបោះឆ្នោត ផ្ទាល់ជាសកល និងសម្ងាត់ ដែលគ្រប់គ្រងដោយច្បាប់ជាតិ និងអន្តរជាតិ៕