អ្នកជំនាញពាណិជ្ជកម្មនិងសេដ្ឋកិច្ច មើលឃើញការធ្វើពាណិជ្ជកម្មឆ្លងដែនកម្ពុជាទៅវៀតណាម នៅតែមានកំណើនជាលំដាប់

សង្គម​និង​សេដ្ឋកិច្ច

ស្របពេលកម្ពុជា-វៀតណាមឈានទៅដល់ការចុះហត្ថលេខាងលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់ឆ្នំា២០២៣-២០២៤រួចហើយមក ត្រូវបានអ្នកជំនាញក្នុងស្រុកមើលឃើញថាការធ្វើពាណិជ្ជកម្មឆ្លងដែនពីកម្ពុជាទៅវៀតណាមនៅតែមានកំណើនជាលំដាប់ បើទោះបីកម្ពុជានាំចូលមកពីវៀតណាមមានចំនួនច្រើនក៏ដោយ កម្ពុជាក៏អាចសម្រួលឱ្យថ្លៃដើមទាបជាងមុនហើយធ្វើឱ្យអ្នកប្រើប្រាស់មានលទ្ធភាពប្រើជាងមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោកឧកញ៉ា លឹម ហេង យល់ឃើញថា កន្លងមកផលិតផលកសិកម្មកម្ពុជាយើងនាំចេញភាគច្រើនទៅប្រទេសវៀតណាមមានទំហំទឹកប្រាក់ខ្ទង់ពាន់លានដុល្លារអាមេរិកកន្លងមក ហើយបើសិនគ្មានទីផ្សារប្រទេសជិតខាងយើងដូចជាវៀតណាម និងថៃទេនោះ កសិផលដែលជាវត្ថុធាតុដើមរបស់យើងកែច្នៃមិនទាន់គឺរកទីផ្សារមិនបានទេ។ដូចនេះការចុះហត្ថលេខាលើកិច្ចសម្របសម្រួលការដឹកជញ្ជូនទំនិញឆ្លងដែននេះគឺជារឿងមួយល្អហើយសំខាន់ណាស់មិនមែនតែជាមួយវៀតណាមទេ ជាមួយថៃទៀតផង។

លោកឧកញ៉ា លើកឡើងថា«ថ្មីៗនេះយើងឃើញថាសភាជាតិជាតិក៏បានអនុម័តនៅកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែនរវៀតណាមរួចទៅហើយ អ៊ីចឹងយើងចង់បានបន្តទៀតគឺជាមួយប្រទេសថៃថែមទៀតចៀសវាងការបិទច្រកព្រំដែនដោយឯកត្តោភាគីដែលធ្វើឱ្យប៉ះពាល់ដល់ការឆ្លងកាត់ទំនិញនិងសម្រួលពាណិជ្ជកម្មឆ្លងដែន ហើយចំពោះវៀតណាមវិញខ្ញុំជឿថានៅឆ្នំាបន្តបន្ទាប់ទៀតនៅតែរីកចម្រើននិងមានការកើនឡើងពីព្រោះយើងមានកិច្ចព្រមព្រៀងទំាងអស់នេះយើងអាចបង្កើតតំបន់សេដ្ឋកិច្ចរួមនៅតាមព្រំដែនកម្ពុជា វៀតណាមដែលថ្នាក់ដឹកនាំប្រទេសទំាងពីរបានឯកភាពគ្នាហើយ។ ដូច្នេះកំណើនពាណិជ្ជកម្មឆ្លងដែនកម្ពុជាទៅវៀតណាមនៅតែមានកំណើនជាលំដាប់»។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ថា«ពាក់ព័ន្ធនិងការចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាមថ្មីៗនេះយើងឃើញថាជាឯកសារមួយមានសារសំខាន់ជំរុញការនាំចេញ ការនំាចូលឱ្យមានភាពកាន់តែប្រសើរជាងមុនៗ។យើងអាចសម្រួលការនាំចេញពីកម្ពុជាទៅកាន់វៀតណាម ហើយការនាំចូលពីវៀតណាមមកកាន់កម្ពុជា បើទោះជាយើងបាននាំចូលមកពីវៀតណាមមានចំនួនច្រើនក៏ដោយ យើងក៏អាចសម្រួលឱ្យថ្លៃដើមទាបជាងមុនហើយធ្វើឱ្យអ្នកប្រើប្រាស់មានលទ្ធភាពប្រើជាងមុន»។

ទាក់ទងនិង«កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងវៀតណាមនេះ» ត្រូវបានលោកង្វៀន ហុងហ្សៀន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានចាត់ទុកថា គឺជាឯកសារដ៏សំខាន់សម្រាប់ធុរជន និងអ្នកនាំចេញនាំចូល ហើយថែមទាំងនឹងជួយជំរុញការនាំចេញនាំចូលទំនិញរវាងប្រទេសទាំងពីរ បន្ថែមលើការព្រៀមព្រៀងគ្នាក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន។លើសពីនេះការចុះហត្ថលេខានិងការអនុវត្តនៃកិច្ចសម្របសម្រួលនេះក្នុងការបន្តជំរុញទំហំពាណិជ្ជកម្មឱ្យកាន់តែកើនទ្បើងបន្ថែមទៀត ជាពិសេស ទំនិញកសិកម្មនិងទំនិញឧស្សាហកម្ម។

យោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបង្ហាញថា ក្នុងរយៈពេល៤ខែដើមឆ្នំា២០២៣នេះទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជានិងវៀតណាមមានជាង១.០៨៤លានដុល្លារអាមេរិក កើនឡើងជាង១៤% បើប្រៀបទៅនិងរយៈពេលដូចគ្នានិងឆ្នំា២០២២មានជាងតែ៩៥០ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖សារេត