កងទ័ពកម្ពុជា-ចិន ចុះ​​អនុស្សារណៈ​យោគយល់គ្នា ដើម្បីពង្រឹងកិច្ច​សហប្រតិបត្តិការ និងទំនាក់ទំនងយូរអង្វែង

សង្គម​និង​សេដ្ឋកិច្ច

ការចុះហត្ថលេខារួមគ្នាលើ​“អនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងកង​ទ័ព​ជើង​គោកកម្ពុជា ចិន ត្រូវបានធ្វើឡើងតាមប្រព័ន្ធ Online កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០​២២ រវាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ​បញ្ជាការរង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ មេ​បញ្ជាការ​កងទ័ពជើងគោក និង​នាយឧត្តម​សេនីយ៍ លីវ ចេន លី (Liu Zhen Li) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះ​ប្រជាជនចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមសេចក្តីប្រកាសព័ត៌មានរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ថា អនុស្សារណៈ​នៃការ​យោគយល់​ស្តីពីកិច្ចសហប្រតិបត្តិការរវាងកង​ទ័ព​ទាំងពីរប្រទេស ធ្វើឡើងក្នុង​គោលបំណង​​ដើម្បី​ពង្រឹងកិច្ច​សហប្រតិបត្តិការ និងទំនាក់ទំនងជិតស្និទ្ធយូរអង្វែងរវាងកង​ទ័ពជើងគោកទាំង​ពីរ ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ​បញ្ជាការរង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ មេ​បញ្ជាការ​កងទ័ពជើងគោក

អនុស្សារណៈ​នៃការ​យោគយល់​នេះ​គឺជាមូលដ្ឋានមួយដ៏សំខាន់នៅក្នុងការត្រួសត្រាយផ្លូវដើម្បី​ឈានទៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ឱ្យមានកម្រិតកាន់តែខ្ពស់​ឡើង​បន្ថែម​ទៀត ហើយព្រឹត្តិ​ការណ៍​នេះ អាចចាត់ទុកថាជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី​មួយទៀតនៃ​កិច្ច​ទំនាក់​ទំនង​រវាង​កងទ័ព​ជើងគោកទាំងពីរផងដែរ ។

សេចក្តីប្រកាសព័ត៌មានដដែលបានអោយដឹងទៀតថា ក្នុងជំនួបតាមប្រព័ន្ធ Online នោះ​ ភាគី​ទាំងពីរ​បានសម្តែងនូវមោទកភាព ចំពោះទំនាក់ទំនង មិត្តភាពប្រកបដោយ ការជឿទុកចិត្ត និងការ​គោរពគ្នាទៅវិញទៅមក រួមជាមួយនឹងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធលើ​គ្រប់ វិស័យរវាង​ប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ចិន ដែលនាំមកនូវផលប្រយោជន៍ទៅវិញ​ទៅមក ការអ​ភិវឌ្ឍ​​រីក​ចម្រើនរួមគ្នា និងការរួមសុខរួមទុក្ខ លើមូលដ្ឋាននៃភាពជាដៃគូយុទ្ធ​សាស្ត្រ​​គ្រប់ជ្រុង​ជ្រោយ មិត្តភាពដែកថែប និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដូចដែល​ស្តែងឡើង​តាមរយៈ កិច្ចខិតខំប្រឹងប្រែងជួយគ្នា និងឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ក្នុងកាលៈទេសៈនៃការ​រាតត្បាតសាកលនៃជំងឺកូវីដ-១៩ កន្លងមកនេះ ។

​នាយឧត្តម​សេនីយ៍ លីវ ចេន លី (Liu Zhen Li) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះ​ប្រជាជនចិន

ភាគីទាំងពីរ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយោធា កម្ពុជា-ចិន និយាយ​ជារួម និងនិយាយដោយឡែក កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ  ដែលបានដំណើរការបោះជំហានរីកចម្រើនទៅមុខ និងសម្រេចបានលទ្ធផលផ្លែផ្កាជា​ច្រើនគួរជាទី​មោទនៈ ។

ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង​កងទ័ពជើងគោកទាំងពីរ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការគាំទ្រដល់ដំណើរការ​ទៅ​មុខនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការកសាងសហគមន៍វាសនា​រួម​កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ។

នៅក្នុងឱកាសនោះផងដែរ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាសន្តិ​សុខ​សាកល និងតំបន់ ដែលកំពុងកើតមានឡើង និងបានបង្ហាញឆន្ទៈក្នុងការគាំទ្រ ជំរុញ និង​លើកកម្ពស់ដល់កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដើម្បីបន្ត​ចូលរួម​ចំ​ណែកថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា ៕ អត្ថបទ៖ ពុធិកា