ក្រុមហ៊ុន AZ Group Co.,Ltd របស់ឧកញ៉ា លឹម ប៊ុនសួរ បានសាកល្បងលើការបំប្លែងរថយន្តដឹកទំនិញប្រើប្រេងម៉ាស៊ូត Hyundai Porter ទម្ងន់មួយតោន ទៅជារថយន្តប្រើប្រាស់អគ្គិសនី ដោយជោគជ័យដំបូងគេបង្អស់នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ) – ស្របពេលដែលបច្ចេកវិទ្យាកំពុងវិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ ក្រុមហ៊ុន AZ Group របស់លោកឧកញ៉ា លឹម ប៊ុនសួរ និងលោក Jeong Min Park នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង JMWAVE ក្រោមកិច្ចសហការនិងការខិតខំប្រឹងប្រែងរួមគ្នាដែលមានការចូលរួមពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងក្រសួងសាធារណការនិងដឹកជញ្ជូន (MPWT) បានចាប់ដៃគ្នាសហការរិះរកដំណោះស្រាយថ្មីដើម្បីបម្រើដល់ដល់វិស័យដឹកជញ្ជូននៅកម្ពុជា ដោយបានសាកល្បងលើការបំប្លែងរថយន្តដឹកទំនិញប្រើប្រេងម៉ាស៊ូត Hyundai Porter ទម្ងន់មួយតោន ទៅជារថយន្តប្រើប្រាស់អគ្គិសនី ដោយជោគជ័យដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្ដែង កាលពីព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ ក្រុមការងាររបស់ AZ Group និង JMWAVE បានដាក់ឲ្យដំណើការបើកបរសាកល្បងជាលើកដំបូងនូវរថយន្តអគ្គិសនី (EV) ដែលជាការបំប្លែងឡើងវិញនូវរថយន្តដឹកទំនិញប្រើប្រេងម៉ាស៊ូត ដោយជោគជ័យ។ ការបើកបរសាកល្បងនោះ រួមមាន ការបើកសាកល្បងល្បឿនសន្ទុះរថយន្ត ការតេស្តទៅលើប្រព័ន្ធអេឡិចត្រូម៉ាញ៉េទិច ការធ្វើតេស្តទៅលើប្រព័ន្ធហ្វ្រាំង និងការធ្វើតេស្តទៅលើប្រព័ន្ធភ្លើង និងប្រព័ន្ធផ្សេងទៀតនៅក្នុងរថយន្តដឹកទំនិញអគ្គិសនីនេះផងដែរ។

រថយន្តមួយគ្រឿងទម្ងន់មួយតោននេះ ដើមឡើយជារថយន្តដឹកទំនិញធុនស្រាលដំណើរការដោយម៉ាស៊ីនចំហេះប្រេងម៉ាស៊ូត ត្រូវបានយកមកបំប្លែងឲ្យក្លាយទៅជារថយន្តអគ្គិសនី ជាលើកដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គម្រោងសាកល្បងបំប្លែងរថយន្តនេះ គឺជាផ្នែកមួយនៃគម្រោងបំប្លែងរថយន្តដឹកទំនិញគ្រប់ធុនដែលដំណើការចំហេះសាំងឬប្រេងម៉ាស៊ុត ទៅជាអគ្គិសនី។

នៅថ្ងៃអនាគត ក្រុមហ៊ុននឹងអនុវត្តគម្រោងបំប្លែងខ្នាតធំតែម្ដង ពោលគឺ ការបំប្លែងរថយន្តដឹកទំនិញគ្រប់ធុនដែលដំណើការចំហេះសាំងឬប្រេងម៉ាស៊ុតទៅជាអគ្គិសនី ដែលអាចសមត្ថភាពផ្ទុកលើសពីមួយតោនឡើងទៅ។

លោក Erkan Bilal នាយកប្រតិបត្តិនៃក្រុមហ៊ុន AZ Group និងជាអនុប្រធានគណៈកម្មាធិការរថយន្ត EUROCHAM ប្រចាំកម្ពុជា មានប្រសាសន៍ថា៖ “ភាពជោគជ័យលើការបំប្លែងយានយន្តប្រើសាំងទៅជាអគ្គិសនីនេះជាការចូលរួមចំណែកដើម្បីអាចសម្រេចគោលដៅឆ្ពោះទៅរកការកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត (CO₂) ខណៈពេលដែលការប្រើប្រាស់ យានយន្តប្រភេទនេះនឹងធ្វើឲ្យខ្យល់អាកាសល្អ បរិស្ថានស្អាត ជាពិសេសនៅក្នុងតំបន់ទីក្រុងដែលមានប្រជាជនរស់នៅប្រចាំថ្ងៃយ៉ាងមមាញឹក តួយ៉ាង ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា”។

លោក Jeongmin Park នាយកប្រតិបត្តិក្រុមហ៊ុន JMWAVE បានលើកឡើងថា៖ “ការសាកល្បងនេះវាបានផ្តល់តម្លៃជាវិជ្ជមានដល់បរិស្ថាន និងសេដ្ឋកិច្ច។ ផ្អែកលើការគិតគូយ៉ាងល្អិតល្អន់របស់ JMWAVE ទៅលើការបំប្លែងរថយន្តទម្ងន់មួយតោនពីម៉ាស៊ូតទៅជាអគ្គិសនី អាចសន្សំសំចៃថវិកាប្រមាណជា ៣៥-៤០% បើធៀបនឹងការទិញរថយន្តអគ្គិសនីថ្មីក្រោមលក្ខខណ្ឌស្រដៀងគ្នា។ ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិ ដែលបំពេញតាមស្តង់ដារសុវត្ថិភាព និងនិយតកម្មដ៏តឹងរ៉ឹងរបស់ប្រទេសកូរ៉េខាងត្បូង យើងមានទំនុកចិត្ត និងជឿជាក់លើស្តង់ដារដំណោះស្រាយរបស់យើងជូនដៃគូសហការ។

លោក Park បានសង្កត់ធ្ងន់ថា “នេះជាជំហានដ៏សំខាន់មួយនៅក្នុងការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចដែលមានការបំភាយឧស្ម័នទាប។ ការសាកល្បងនេះ អាចត្រូវបានចាត់ទុកថាជា គម្រោងត្រួសត្រាយផ្លូវបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ដើម្បីជំរុញវិស័យរថយន្តអគ្គិសនី ក៏ដូចជាជំរុញការប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើនក្នុងគោលដៅកាត់បន្ថយកាបូនពុលនៅកម្ពុជា។”

គោលបំណងចម្បងនៃការធ្វើតេស្តសាកល្បងនេះគឺដើម្បីវាយតម្លៃលើចរន្តសេដ្ឋកិច្ច បរិស្ថាន និងកិច្ចសហប្រតិបត្តិការលើការបំប្លែងរថយន្តពីសាំងទៅជាអគ្គិសនីជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាពនៅក្នុងវិស័យយានយន្ត។ លើសពីនេះ អត្ថប្រយោជន៍នៃគំនិតផ្តួចផ្តើមសាកល្បងបំប្លែងរថយន្តដឹកទំនិញដែលដំណើការដោយប្រេងម៉ាស៊ូតទៅជារថយន្តអគ្គិសនីសុទ្ធ ជាការរួមចំណែកកាត់បន្ថយកាបូននាពេលអនាគត ស្របពេលដែលប្រទេសកម្ពុជា កំពុងអនុវត្តយន្តការយុទ្ធសាស្ត្រកាត់បន្ថយកាបូនឲ្យនៅកម្រិតទាបបំផុត។

សូមជម្រាបជូនថា ការបំប្លែងរថយន្តប្រើចំហេះប្រេងម៉ាស៊ូតទៅជាថាមពលអគ្គិសនីនេះ ស្របតាមស្តង់ដារបច្ចេកទេសក្រសួងសាធារណការនិងដឹកជញ្ជូន (MPWT)។ ក្រុមហ៊ុន AZ Group និង JMWAVE នឹងបន្តអនុលោមតាមច្បាប់នៃការបំប្លែងរថយន្តនៅក្នុងក្របខ័ណ្ឌបទប្បញ្ញត្តិជាមូលដ្ឋាន៕