CDC ជំរុញចិនឱ្យពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគលើការរៀបចំឃ្លាំង និងមណ្ឌលឡូជីស្ទីកនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញទៅកាន់ក្រុមហ៊ុន Integrated Logistics Asia, KLN របស់ទីក្រុងហុងកុង, សាធារណរដ្ឋប្រជាមានិតចិន មកពិនិត្យលទ្ធភាពស្វែងរកការបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ពិសេសសិក្សាលើការរៀបចំឃ្លាំង មណ្ឌលឡូជីស្ទីកនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើនេះ បានធ្វើឡើងនៅក្នុង ជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Samuel Lau នាយកគ្រប់គ្រងក្រុមហ៊ុន Integrated Logistics Asia, KLN កាលទី១១ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីពិភាក្សាផ្លាស់ប្ដូយោបល់ជុំវិញបច្ចុប្បន្នភាពអាជីវកម្មរបស់ក្រុមហ៊ុនក្នុងវិស័យភស្ដុភារកម្មនៅកម្ពុជា។

ក្នុងនោះជំនួបនោះ លោក Samuel Lau បានលើកឡើងអំពីការមើលឃើញនូវឱកាសវិនិយោគក្នុងវិស័យភស្ដុភារកម្មរបស់កម្ពុជាគឺកាន់តែធំជាងមុន ក្រោយការបើកឱ្យដំណើរការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះផងដែរ។

យ៉ាងណាមិញ ឆ្លៀតក្នុងកិច្ចប្រជុំនាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យក្រុមហ៊ុន KLN ពិនិត្យលទ្ធភាពស្វែងរកការបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ពិសេសសិក្សាលើការរៀបចំឃ្លាំង មណ្ឌលឡូជីស្ទីក ឬតំបន់សេដ្ឋកិច្ចពិសេស តាមបណ្ដោយគម្រោងព្រែកជីកហ្វូណនតេជោ។

សូមជម្រាបថា តាមរយៈជំនួបខាងលើ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានជម្រាបជូនអំពីព័ត៌មាននៃផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ គឺមានគម្រោងវិនិយោគមួយចំនួនក្នុងវិស័យភស្ដុភារកម្ម ដោយក្នុងនោះមានគម្រោងសរុប ចំនួន១៧៤ គម្រោង៕ អត្ថបទ៖​ហ្សាលីន