អ៊ីស្រាអែល បើកការវាយប្រហារលើរោងចក្រគីមីឥន្ធនៈធំបំផុតរបស់អ៊ីរ៉ង់

អន្តរជាតិ

អ៊ីស្រាអែល បានវាយប្រហាររោងចក្រគីមីឥន្ធនៈធំបំផុតរបស់ប្រទេសអ៊ីរ៉ង់នៅក្នុងទីក្រុងកំពង់ផែ Asaluyeh ដោយអះអាងថាបានបង្កផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់សត្រូវរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Times of Israel។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Israel Katz រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលបានមានប្រសាសន៍នៅថ្ងៃទី៦ ខែមេសាថា ៖”កងកម្លាំងការពារអ៊ីស្រាអែល (IDF) ទើបតែបើកការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើរោងចក្រគីមីឥន្ធនៈធំបំផុតរបស់អ៊ីរ៉ង់នៅ Asaluyeh ដែលផលិត ៥០% នៃទិន្នផលគីមីឥន្ធនៈរបស់ប្រទេសនេះ”។

មិនតែប៉ុណ្ណោះ លោក Katz បានបញ្ជាក់ទៀតថា អ៊ីស្រាអែលក៏បានវាយប្រហាររោងចក្រគីមីឥន្ធនៈធំទីពីររបស់អ៊ីរ៉ង់កាលពីសប្តាហ៍មុនផងដែរ។ ហើយចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើរោងចក្រទាំងពីរនេះ បានធ្វើឲ្យសមត្ថភាពនាំចេញរបស់អ៊ីរ៉ង់ថយចុះអស់ ៨៥% នៅក្នុងវិស័យនេះ។

គួរឲ្យដឹងថា នេះគឺជាការវាយប្រហារផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដែលមានតម្លៃស្មើនឹងរាប់សិបពាន់លានដុល្លារ របស់អ៊ីរ៉ង់ ខណៈកងកម្លាំងយោធាអ៊ីស្រាអែល IDF ត្រូវបានបញ្ជាឲ្យបន្តវាយប្រហារទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធរបស់សត្រូវបន្ថែមទៀត។

ជម្រាបជូនផងដែរថា យោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល បានចោទប្រកាន់ឧស្សាហកម្មគីមីឥន្ធនៈរបស់អ៊ីរ៉ង់ថាជា ម៉ាស៊ីនដ៏សំខាន់ក្នុងការផ្តល់ធនធានហិរញ្ញវត្ថុ សម្រាប់ប្រតិបត្តិការរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ និងយោធារបស់ពួកគេ៕​