តម្លៃប្រេងឆៅធ្លាក់ចុះជិត ១៩% ក្រោយអាមេរិកឈានដល់បទឈប់បាញ់ជាមួយអ៊ីរ៉ង់ ២សប្តាហ៍

អន្តរជាតិ

តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះក្រោម ១០០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីមានការប្រកាសអំពីបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបើកការជួញដូរនៅថ្ងៃទី៨ ខែមេសា តម្លៃប្រេងឆៅ WTI របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះជិត ១៩% មកនៅត្រឹម ៩១,៦ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ១៥% មកនៅត្រឹមជិត ៩៣ដុល្លារក្នុងមួយបារ៉ែល។

យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះនេះ បានកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថាលោកបានយល់ព្រមលើបទឈប់បាញ់រយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់ ដោយមានលក្ខខណ្ឌថាទីក្រុងតេអេរ៉ង់ ត្រូវបើកច្រកសមុទ្រ Hormuz ឡើងវិញ ស្របពេលក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ក៏បាននិយាយ ថាខ្លួនបានអនុម័តបទឈប់បាញ់នេះផងដែរ។

ជម្រាបជូនថា ជម្លោះនៅមជ្ឈិមបូព៌ាមានរយៈពេលជាងមួយខែកន្លងមកនេះ បានរំខានយ៉ាងខ្លាំងដល់លំហូរប្រេង និងឧស្ម័នធម្មជាតិរាវចំនួន ២០% ទូទាំងពិភពលោក ខណៈពេលដែលច្រកសមុទ្រ Hormuz ត្រូវបានបិទស្ទើតែទាំងស្រុង។ ហើយជាលទ្ធផល តម្លៃប្រេងឆៅ ប្រេងឥន្ធនៈយន្តហោះ ប្រេងម៉ាស៊ូត និងប្រេងសាំងសកលបានកើនឡើងយ៉ាងខ្លាំង៕​