ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានអ៊ីរ៉ង់កុំឲ្យគិតថ្លៃសេវាសម្រាប់កប៉ាល់ដែលឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដោយរិះគន់ទីក្រុងតេអេរ៉ង់ចំពោះការគ្រប់គ្រងមិនល្អរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social នៅថ្ងៃទី៩ ខែមេសាថា ៖”មានរបាយការណ៍ដែលនិយាយថាអ៊ីរ៉ង់កំពុងគិតថ្លៃសេវាដល់កប៉ាល់ដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។ ពួកគេមិនគួរធ្វើបែបនោះទេ ហើយប្រសិនបើពួកគេធ្វើ ពួកគេត្រូវតែបញ្ឈប់ភ្លាមៗ”។
ទន្ទឹមនឹងនេះ មន្ត្រីអង់គ្លេសបានប្រកាសនៅថ្ងៃដដែលនោះថា នាយករដ្ឋមន្ត្រី លោក Keir Starmer និងប្រធានាធិបតី លោក ត្រាំ បានពិភាក្សាអំពីផែនការជាក់ស្តែង ដើម្បីស្តារសកម្មភាពសមុទ្រនៅក្នុងច្រក Hormuz ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ជុំវិញសារទាំងនេះត្រូវបានចេញផ្សាយ បន្ទាប់ពីទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍នៅថ្ងៃទី៦ ខែមេសាថា គណៈកម្មាធិការសន្តិសុខនៃសភារបស់ប្រទេសខ្លួន បានអនុម័តផែនការមួយដើម្បីគិតថ្លៃសេវាដល់កប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz និងដើម្បីអនុវត្តតួនាទីអធិបតេយ្យភាពរបស់អ៊ីរ៉ង់។
ជម្រាបជូនថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានយល់ព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញជាផ្នែកមួយនៃបទឈប់បាញ់រយៈពេលពីរសប្តាហ៍ដែលសម្រេចបាននៅថ្ងៃទី៨ ខែមេសា ប៉ុន្តែការដឹកជញ្ជូនប្រេងតាមរយៈផ្លូវទឹកដ៏សំខាន់នេះនៅតែជាប់គាំងដោយសារតែខ្វះការណែនាំច្បាស់លាស់ពីទីក្រុងតេអេរ៉ង់៕

