នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នាសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមដោយ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ បានចូលរួមក្នុង “វេទិកាពាណិជ្ជកម្មពហុភាគី ឆ្នាំ២០២៦” ដោយមានការចូលរួមពីស្ថាប័នរដ្ឋ អ្នករៀបចំគោលនយោបាយ តំណាងធនាគារពិភពលោក តំណាងធនាគារអភិវឌ្ឍន៍អាស៊ី អង្គការយូនីដូ អ្នកជំនាញពាណិជ្ជកម្ម អ្នកស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សភាពាណិជ្ជកម្ម សមាគម សហគ្រាសធុនតូចនិងមធ្យម បណ្ឌិត សាស្ត្រាចារ្យ និងសិស្សនិស្សិត ចំនួនប្រមាណ ២០០នាក់។

វេទិកានេះត្រូវបានរៀបចំឡើងក្រោមមូលបទ “ការរៀបចំយុទ្ធសាស្ត្រឡើងវិញរបស់រដ្ឋតូចក្នុងបរិបទការប្រែប្រួលនៃប្រព័ន្ធពាណិជ្ជកម្មសកល” ក្នុងគោលបំណងវាយតម្លៃនិន្នាការពាណិជ្ជកម្មពិភពលោក និងស្វែងរកយុទ្ធសាស្ត្រក្របខណ្ឌគោលនយោបាយប្រកបដោយនវានុវត្តន៍ ដើម្បីពង្រឹងការប្រកួតប្រជែងនិងភាពធន់នៃពាណិជ្ជកម្មកម្ពុជា ព្រមទាំងជាវេទិកាយុទ្ធសាស្ត្រសម្រាប់កិច្ចសន្ទនា ការឆ្លុះបង្ហាញ និងការធ្វើនវានុវត្តន៍គោលនយោបាយសម្រាប់កម្ពុជាក្នុងបរិបទមិនប្រាកដប្រជានៃប្រព័ន្ធពាណិជ្ជកម្មពិភពលោក។
ក្នុងឱកាសនៃវេទិកាកម្រិតខ្ពស់នេះ អ្នកឧកញ៉ា សៀ ឬទ្ធី បានចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចសន្ទនាតុមូល ក្រោមប្រធានបទ៖ “ពហុភាគីនិយម និងតំបន់និយម៖ បម្រែបម្រួលប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិដែលមានមូលដ្ឋានលើច្បាប់” ដោយបានចែករំលែកអំពីបទពិសោធន៍ជាក់ស្ដែង និងបញ្ហាប្រឈមនានារបស់អ្នកឧកញ៉ាក្នុងការធ្វើអាជីវកម្មនាពេលកន្លងមក។
អ្នកឧកញ៉ាបានទាញចំណាប់អារម្មណ៍អ្នកចូលរួមឱ្យបែងចែកឱ្យបានច្បាស់អំពីការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ដែលពាក្យទាំងពីរនេះមានន័យខុសគ្នា ហើយកម្ពុជាជាប្រទេសដែលមានការធ្វើពាណិជ្ជកម្មច្រើនជាងការវិនិយោគ។ បន្ថែមលើនេះ អ្នកឧកញ៉ាក៏បានគូសរំលេចអំពីសារៈសំខាន់នៃវិស័យដឹកជញ្ជូននិងព័ស្តុភារកម្ម ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ ក្នុងបរិបទមិនប្រាកដប្រជានៃប្រព័ន្ធពាណិជ្ជកម្មពិភពលោកនេះ។ អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា ដើម្បីជំរុញឱ្យវិស័យដឹកជញ្ជូននិងព័ស្តុភារកម្មនេះកាន់តែមានភាពល្អប្រសើរ និងមានការប្រកួតប្រជែងជាមួយប្រទេសជិតខាង និងក្នុងកម្រិតតំបន់ យើងចាំបាច់ត្រូវបន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃវិស័យនេះ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យសម្បូរបែប និងជំរុញការតភ្ជាប់ទាំងហេដ្ឋារចនាសម្ព័ន្ធរឹង (ផ្លូវ ស្ពាន កំពង់ផែ) និងហេដ្ឋារចនាសម្ព័ន្ធទន់ (បច្ចេកវិទ្យាឌីជីថល) ដើម្បីផ្ដល់នូវភាពស្រួលក្នុងការដឹកជញ្ជូន និងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងមានការប្រកួតប្រជែង។
សូមជម្រាបផងដែរថា វេទិកានេះត្រូវបានរៀបចំឡើងជាលើកដំបូងក្រោមគំនិតផ្ដួចផ្ដើមរបស់គណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងមានកិច្ចសហការពីមូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរ (KAS Cambodia) ប្រចាំប្រទេសកម្ពុជា និងសមាគមសេដ្ឋកិច្ចកម្ពុជា (ស.ស.ក.)។











