ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំងអ្នកឧកញ៉ា ហាន់ ឃាង អនុប្រធានសមាគមប្រចាំខែកក្កដា និងជាប្រធានគណៈកម្មការវិនិយោគ និងអភិវឌ្ឍន៍ ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អញ្ជើញចូលរួម «ជំនួបផ្គូផ្គងធុរកិច្ច ឥណ្ឌា–កម្ពុជា ស្តីពីបច្ចេកវិទ្យាព័ត៌មាន (India–Cambodia IT Business Matching)» ដែលរៀបចំនៅសណ្ឋាគារ Shangri-La Phnom Penh ក្នុងគោលបំណងពង្រឹងទំនាក់ទំនងធុរកិច្ច ពង្រីកឱកាសវិនិយោគ និងជំរុញការតភ្ជាប់បណ្តាញអាជីវកម្មរវាងសហគ្រាសកម្ពុជា និងឥណ្ឌា។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយ ក្រុមប្រឹក្សាលើការផ្សព្វផ្សាយការនាំចេញអេឡិចត្រូនិក និងសូហ្វវែរកុំព្យូទ័រ (Electronics and Computer Software Export Promotion Council – ESC) ដែលជាស្ថាប័នជាតិឈានមុខរបស់ឥណ្ឌា ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការនាំចេញលើវិស័យអេឡិចត្រូនិក ទូរគមនាគមន៍ សូហ្វវែរ និងសេវាកម្មបច្ចេកវិទ្យាព័ត៌មាន។
ក្នុងឱកាសនោះ ឯកឧត្តម Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់ធុរជននៃប្រទេសទាំងពីរ ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើវិស័យបច្ចេកវិទ្យា នវានុវត្តន៍ ការកសាងសមត្ថភាពឌីជីថល និងការវិនិយោគ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការពង្រឹងទំនាក់ទំនងរវាងសហគ្រាសឥណ្ឌា និងកម្ពុជា នឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី គាំទ្រដល់បរិវត្តកម្មឌីជីថល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។
ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីនិន្នាការបច្ចេកវិទ្យាសកល និងឱកាសកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល ដោយគូសបញ្ជាក់ពីភាពជាអ្នកដឹកនាំរបស់ឥណ្ឌាក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ការអភិវឌ្ឍសូហ្វវែរ បញ្ញាសិប្បនិម្មិត (AI) និងនវានុវត្តន៍ឌីជីថល ដែលអាចបង្កើតឱកាសថ្មីៗសម្រាប់ការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស និងការវិនិយោគរវាងប្រទេសទាំងពីរ។
ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងវេទិកាធុរកិច្ចនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សមាគមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ បង្កើតឱកាសសម្រាប់សមាជិកក្នុងការភ្ជាប់បណ្តាញធុរកិច្ចជាមួយដៃគូអន្តរជាតិ និងរួមចំណែកជំរុញការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។














