ព្រែកជីកហ្វូណនតេជោ ដំណាក់កាលទី២ បានប្រកាសបើកការដ្ឋានសាងសង់ នៅព្រឹក​ថ្ងៃ​ទី​១១នេះ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិន

សង្គម​ និង​សេដ្ឋកិច្ច

នា​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពរួម​គ្នា​បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដំណាក់កាលទី២ នៅ​ខេត្ត​តា​កែវ។ គម្រោងព្រែកជីកហ្វូនណនតេជោ ដែលឈ្មោះគម្រោងផ្លូវត្រូវបានហៅថា «គម្រោងគ្រប់​គ្រង​ធនធានទឹកចម្រុះហ្វូណនតេជោ» ត្រូវបានប្រកាសបើកជាផ្លូវការកាលពីថ្ងៃទី៥ ខែ​សីហា ឆ្នាំ២០២៤ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលគម្រោងប្រវត្តិ​សាស្ត្រ​តភ្ជាប់​ផ្លូវ​ទឹករវាងទន្លេទឹកសាប ទៅកាន់សមុទ្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នាព្រឹកថ្ងៃទី១១ ខែមេសានេះ មានប្រវែង ១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រ ខេត្តកែប)។

ក្នុងឱកាសនៃពិធីបើកការដ្ឋាននេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រែកជីកហ្វូណនតេជោ នឹងតភ្ជាប់មិនត្រឹមតែការដឹកជញ្ជូនក្នុងប្រទេសកម្ពុជាទេ តែគឺនឹងតភ្ជាប់ទៅកាន់តំបន់ និងពិភពលោកផងដែរ។ គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់ផលដោយផ្ទាល់ដល់ខេត្តចំនួន៤ក្នុងនោះ មានដូចជា កណ្ដាល, តាកែវ, កំពត និងកែបជាដើម។ ក្រៅពីខេត្ត ដែលទទួលផលដោយផ្ទាល់នោះ កំពង់ស្ពឺ, កំពង់ឆ្នាំង និងបណ្ដាខេត្តនៅជាប់បឹងទន្លេសាប និងទន្លេ មេគង្គទាំងនៅភាគខាងជើង រួមទាំងភាគខាងត្បូងក៏នឹងបានទទួលផលដោយប្រយោល ពីគម្រោង«ព្រែកជីកហ្វូណនតេជោ»នេះផងដែរ។

គួរឱ្យដឹងថា បើតាម ឯកឧត្តម ស៊ុន ចាន់ថុល គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ មានប្រវែងសរុប ១៧២,៦ គីឡូម៉ែត្រ ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើការបែងចែកជា ២កំណាត់ ដើម្បីជំរុញការសាងសង់ និងធ្វើប្រតិបត្តិការតាមយន្តការភាពជាដៃគូររវាងរដ្ឋ និងឯកជន ដែលរួមមាន ផ្លូវទឹកកំណាត់ទី១ មានប្រវែង ២១គីឡូម៉ែត្រ(បើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤) និងផ្លូវទឹកកំណាត់ទី២ មានប្រវែងសរុប ១៥១,៦គីឡូម៉ែត្រ ដែលបានបើកការដ្ឋាននាថ្ងៃនេះ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០២៨ ខាងមុខ ដោយមានតម្រូវការទុនវិនិយោគប្រមាណ ១,១៧ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុកបានបោះទុនវិនិយោគចំនួន ៥១% និងក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិនចំនួន ៤៩%។ គម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី១ បានបោះបង្គោលព្រំរួចរាល់បានចំនួន ១៥៥បង្គោល និងរៀបចំដោះ ស្រាយលើផលប៉ះពាល់ដោយគ្រោងចំណាយថវិកាប្រមាណ ៧០,៨៥លានដុល្លារអាម៉េរិក៕