អនុប្រធានាធិបតីអាមេរិក លោក JD Vance បានប្រកាសថាការចរចាជាមួយគណៈប្រតិភូអ៊ីរ៉ង់នៅប្រទេសប៉ាគីស្ថានបានបញ្ចប់ទៅ ដោយគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើងនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Vnace បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន នៅថ្ងៃទី១២ ខែមេសាថា៖” មានដំណឹងអាក្រក់នោះគឺថាយើងមិនទាន់ឈានដល់កិច្ចព្រមព្រៀងនៅឡើយទេ។ ខ្ញុំគិតថានោះជាដំណឹងអាក្រក់សម្រាប់អ៊ីរ៉ង់ជាងសហរដ្ឋអាមេរិក។ ដូច្នេះយើងនឹងត្រលប់ទៅសហរដ្ឋអាមេរិកវិញ ដោយគ្មានកិច្ចព្រមព្រៀង”។
យ៉ាងណាមិញ អនុប្រធានាធិបតីអាមេរិករូបនេះ ក៏បានថ្លែងអំណរគុណដល់ប្រទេសជាម្ចាស់ផ្ទះប៉ាគីស្ថានសម្រាប់កិច្ចប្រជុំ ដោយសរសើរកិច្ចខិតខំប្រឹងប្រែង និងការប៉ុនប៉ងរបស់ខ្លួនក្នុងការជួយភ្ជាប់គម្លាតរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
លោក Vance បានបញ្ជាក់ថា ប៉ាគីស្ថានមិនមានកំហុសទេ ប្រសិនបើមានចំណុចខ្វះខាតណាមួយកើតឡើងក្នុងអំឡុងពេលចរចានោះ។ លោកបានបន្ថែមថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានពិភាក្សាគ្នាអស់រយៈពេល ២១ម៉ោង ដោយចូលរួមក្នុងការផ្លាស់ប្តូរព័ត៌មានសំខាន់ៗ ដែលលោកចាត់ទុកថាជាដំណឹងល្អរួចទៅហើយ។
ជម្រាបជូនផងដែរថា យោងសេតវិមានបានបញ្ជាក់ថា គណៈប្រតិភូអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមចរចាតាំងពីថ្ងៃទី១១ ខែមេសា ដល់ព្រឹកព្រលឹមថ្ងៃទី១២ ខែមេសា។ ក្នុងនោះដែរប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ក៏បានបញ្ជាក់ថា ភាគីទាំងពីរបានផ្អាកការចរចាពីរបីម៉ោងមុនពេលថ្ងៃរះ ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានធ្វើ ការទាមទារហួសហេតុពេក ទាក់ទងនឹងច្រកសមុទ្រ Hormuz៕

