ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំ ស្តីពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។
យោងតាមសេចក្តីណែនាំ របស់ក្រសួងធម្មការ ផ្សាយចេញនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា ដើម្បីឱ្យពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រព្រឹត្តទៅមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ប្រកបដោយភាពសប្បាយរីករាយ និងរក្សាបាននូវប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិនោះ ក្រសួងសូមធ្វើការណែនាំមន្ទីរធម្មការនិងសាសនារាជធានី ខេត្ត នៅទូទាំងប្រទេសដូចខាងក្រោម៖
– ត្រូវសហការជាមួយព្រះមន្ត្រីសង្ឃខេត្ត ណែនាំដល់ព្រះមន្ត្រីសង្ឃស្រុក ព្រះចៅអធិការ អាចារ្យ គណៈកម្មការគ្រប់វត្តអារាមឱ្យយកព្រះទ័យនិងយកចិត្តទុកដាក់សម្អាត និងតុបតែងលម្អវត្ត អារាម ឱ្យស្រមតាម អភិក្រម ស៣ (វត្តស្អាត វត្តស្វាង វត្តស្ងប់) របស់ក្រសួងធម្មការនិង សាសនា សម្រាប់វត្តអារាម ដោយរៀបចំឱ្យមានបរិស្ថានល្អ សមជាបូជនីយដ្ឋានគួរគោរពបូជា សម្រាប់បរិស័ទទូទៅ និងចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដា ពាក្យស្លោកឱ្យបាន សមរម្យ ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់រៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិតាមវត្តអារាម ស្របតាមប្រពៃណីសាសនា ប្រពៃណីជាតិ ដូចជាពិធីពូនភ្នំខ្សាច់ ស្រង់ព្រះពុទ្ធរូប ពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះសង្ឃ ជូនសីលវន្ត សីលវតី មាតា បិតា ចាស់ព្រឹទ្ធាចារ្យជាដើម។
– ណែនាំឱ្យគ្រប់វត្តអារាមរៀបចំឱ្យមានពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធវីរៈកងទ័ព វីរៈនគរបាល ដែលបានពលីជីវិតដើម្បីបុព្វហេតុការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ព្រមទាំងជនរួមជាតិដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ នៅតាមទីកន្លែង ដែលបានតម្កល់អដ្ឋិធាតុតាមបូជនីយដ្ឋាន និងតាមវត្តអារាមនានា។
– ណែនាំគ្រប់វត្តអារាមឱ្យសហការជាមួយអាជ្ញាធរពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ជូន បរិស័ទទូទៅបានធ្វើបុណ្យសុន្ទរ៍ទាន និងរៀបចំល្បែងប្រជាប្រិយនានាក្នុងវត្តអារាម ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ដណ្តើមស្លឹកឈើ ចត្រង្គឬអុក ចាប់កូនខ្លែង និងរបាំប្រជាប្រិយខ្មែរដូចជា រាំវង់ រាំក្បាច់ សារ៉ាវាន់ ឡាំលាវ ឆៃយ៉ាំ ត្រុដិជាដើម ធានាឱ្យបាន នូវភាពសប្បាយរីករាយ ភាតរភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងរក្សាឱ្យបាននូវអត្តសញ្ញាណ ប្រពៃណីជាតិខ្មែរ និងណែនាំកុំឱ្យលេងល្បែង ដូចជាបាញ់ទឹក គប់ស្បោងទឹកកក ប៉ាតម្សៅ។ល។ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។
-និងណែនាំគ្រប់វត្តអារាមយកចិត្តទុកដាក់បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងប្រទីបផ្សេងៗ ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យ។
ទទួលបានសេចក្តីណែនាំនេះ ប្រធានមន្ទីរធម្មការនិងសាសនា រាជធានី ខេត្ត សហការជាមួយ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការវត្តគ្រប់វត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចាត់ចែងអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់៕អត្ថបទ៖ ហ្សាលីន



