ក្រសួងសាធារណការ ជំរុញការងារកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈឱ្យកាន់តែប្រសើរ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមការងារកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចកិច្ចប្រជុំរបស់ខ្លួនលើកដំបូង ដើម្បីជំរុញផែនការសកម្មភាពកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈរបស់ក្រសួងឱ្យកាន់តែមានប្រសិទ្ធភាព និងជោគជ័យបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ បានធ្វើឡើងកាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ដឹកនាំដោយលោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន (ហៅកាត់ថា ក.កគវស.សកដ.) ព្រមទាំងចូលរួមពីសមាជិកក្រុមការងារ និងមន្រ្តីរាជការពាក់ព័ន្ធ។

កិច្ចប្រជុំនេះរៀបចំឡើងដោយផ្តោតលើរបៀបវារៈចំនួន ៣ រួមមាន៖ ទី១.ប្រកាសសមាសភាព ក.កគវស.សកដ.ទី២.បទបង្ហាញស្តីពីផែនការសកម្មភាពកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និង ទី៣.ការងារផ្សេងៗ។

បើតាម លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារ បានគូសបញ្ជាក់ពីសាវតា និងយន្តការនៃការរៀបចំប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ និងបានស្នើឱ្យក្រុមការងារទាំងអស់ ដែលជាថ្នាក់ដឹកនាំមកពីគ្រប់អង្គភាព និងមន្រ្តីរាជការក្រោមឱវាទក្រសួង ត្រូវចូលរួមសហការឱ្យបានជិតស្និទ្ធ ដើម្បីជំរុញសម្រេចឱ្យបាននូវផែនការសកម្មភាពដែលបានដាក់ចេញឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ លោកស្រី ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធ អនុវត្តន៍ផែនការនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ និងត្រូវចូលរួមផ្តល់ធាតុចូលបន្ថែមពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចទទួលបន្ទុក ដើម្បីជំរុញការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យសម្រេចបានជោគជ័យ រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រង ការវិនិយោគសាធារណៈ (PIMSRS) ២០២៥-២០២៨ និងផែនការសកម្មភាពលម្អិត នាពេលខាងមុខនេះ៕ អត្ថបទ៖ ហ្សាលីន