អគ្គនាយកក្រុមហ៊ុន RMA ប្តេជ្ញាគាំទ្រ និងជំរុញវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA (Cambodia) PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ក្នុងទីផ្សារប្រទេសកម្ពុជា បានបង្ហាញការប្តេជ្ញាគាំទ្រ និង ជំរុញវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា។ការប្តេជ្ញានេះ ត្រូវបានធ្វ់ឡើងក្នុងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះចំនួន ២ គ្រឿង ជូនទៅដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះបានប្រារព្ធឡើងនៅក្នុងបរិវេនរោងចក្រដំឡើងរថយន្ត Ford ក្នុងភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣  ក្រោមវត្តមានលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា និងលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA (Cambodia) PLC រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ២០០ នាក់។

នាឱកាសនោះ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA (Cambodia) PLC បានលើកឡើងថា“ យើងខ្ញុំមានមោទភាពជាពន់ពេកដែលទទួលបានសេចក្ដីទុកចិត្តពីក្រុមហ៊ុន FORD MOTOR COMPANY ក្នុងការដំឡើងរថយន្ត FORD RANGER និង FORD EVEREST ជំនាន់ថ្មីនៅ លើទឹកដីកម្ពុជា ស្របតាមស្តង់ដាររបស់ក្រុមហ៊ុន FORD ។

លោកបន្តថា៖« យើងខ្ញុំជឿជាក់ថា ការបោះជំហានវិនិយោគក្នុងវិស័យយានយន្តរបស់ក្រុមហ៊ុនយើងខ្ញុំ ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យឧសហ្សាកម្មយានយន្តនៅកម្ពុជា និងជាសក្ខីភាពនៃទំនុកចិត្តលើកិច្ចខិតខំប្រឹង ប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ»។

លោកបានបន្ថែមទៀតថា វត្តមានរបស់ រោងចក្រយើងខ្ញុំក៏បានចូលរួមចំណែកការកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស របស់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់តាមរយៈការជំរុញសន្ទុះអាជីវកម្មសហគ្រាស ធុនតូច និងមធ្យម ការបង្កើតឱកាសការងារដោយផ្ទាល់និងដោយប្រយោល ក៏ដូចជាការអភិវឌ្ឍន៍ ធនធានមនុស្សនៅក្នុងទឹកដី ខេត្តពោធិ៍សាត់នេះផ្ទាល់ផងដែរ។

លោកក៏បានបន្ថែមទៀតថា៖«ក្រុមហ៊ុនយើងខ្ញុំនឹងបន្តប្តេជ្ញាគាំទ្រ និង ជំរុញវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា ដើម្បីឱ្យកម្ពុជា ផ្លាស់ប្ដូរមុខមាត់ថ្មី ពីប្រទេសដែលដំឡើងរថយន្ត ទៅជាប្រទេសដែលផលិតរថយន្ត ក្នុងពេលអនាគត ក្រុមហ៊ុននឹងពង្រីកការវិនិយោគគម្រោងដំឡើងរថយន្ត Ford ដោយបង្កើនការនាំចូលនៃចំនួន គ្រឿងបង្គុំច្រើនជាងមុន បង្កើនចំនួនការងារក្នុងស្រុក ជំរុញការប្រើប្រាស់ធាតុផ្សំក្នុងស្រុក និងបង្កើន ដើមទុនវិនិយោគបន្ថែមទៀត ខណៈយើងខ្ញុំជឿជាក់ថា ការវិនិយោគនេះនឹងបន្តផ្តល់អត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតជូនប្រទេសកម្ពុជា ជាពិសេសការអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់ និងធ្វើឱ្យប្រសើរ ឡើងនូវខ្សែចង្វាក់ដែលគាំទ្រគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា»។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន RMA (CAMBODIA) PLC ជាក្រុមហ៊ុនដំបូងគេបំផុត ដែលទទួលបានការទទួលស្គាល់ពី វិទ្យាស្ថានស្ដង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនាមជាអ្នក អនុវត្តស្តង់ដារសុវត្ថិភាពយានយន្ត និងស្តង់ដារសុវត្ថិភាពគ្រឿងបង្គុំយានយន្តបានខ្ពស់បំផុត។

ជាងនេះទៀត ក្រុមហ៊ុន RMA (CAMBODIA) PLC បានសាងសង់រោងចក្ររថយន្ត Ford  នៅលើផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាមួយនឹងទុនវិនិយោគចំនួន ២១ លានដុល្លារសហរដ្ឋអាមេរិក ដែលអាចបង្កើតការងារជំនាញបានជាង ៥០០ កន្លែង និងមានសមត្ថភាពអាចដំឡើងរថយន្តបានចំនួនប្រមាណ ៩,០០០ គ្រឿងក្នុងមួយឆ្នាំ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានដំឡើងរថយន្ត Ford Ranger Wildtrak និងរថយន្ត Ford Everest បានចំនួន ៣,០០០ គ្រឿងដើម្បីបម្រើតម្រូវការទីផ្សារក្នុងស្រុក៕

អត្ថបទ៖ ពិសី