មេធាវី គី តិច ស្នើសុំឱ្យតុលាការប្តូរថ្ងៃខែឆ្នាំកំណើត របស់សម្តេចតេជោ ដោយសារមូលហេតុមួយ

សង្គម​និង​សេដ្ឋកិច្ច

មេធាវី គី តិច ដែលជាមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​​ចក្រកម្ពុជា ​​បាន​ស្នើ​សុំ​ឱ្យ​តុលាការ​​ចេញ​ដីកា​សម្រេច​​​​កែ​តម្រូវ​ទិន្នន័យ​អត្រានុកូលដ្ឋាន ថ្ងៃ-ខែ-ឆ្នាំកំណើត ​​របស់​សម្តេច​តេជោ ពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​១៩៥១ ទៅ​ជា​​ថ្ងៃ-ខែ-ឆ្នាំ​ពិត​ប្រាកដ ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​១៩៥២ វិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈ​ពាក្យ​ស្នើ​សុំ​ ​ចុះ​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០២២ ការ​ស្នើ​សុំ​កែតម្រូវ​នេះ ​ដោយសារ​តែ​មូលហេតុមួយ គឺកន្លង​មក​ មាន​ការ​ភាន់​ច្រឡំ​ពី​ឥស្សរជនជាតិ និង​អន្តរជាតិ ប្រជាពល​រដ្ឋ​ និង​មហាជន​ទូទៅ ដែល​បាន​ផ្ញើ​សារ​លិខិត​ជូនពរ​ថ្ងៃ​ចម្រើន​ជន្មាយុ​របស់​សម្តេច​តេជោ ដល់​ទៅ​២ដង​ក្នុង​មួយ​ឆ្នាំ។ តាម​ការ​បញ្ជាក់​របស់​សម្តេច​តេជោ ថ្ងៃ​កំណើត​ពិត​ គឺ​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​១៩៥២។

យ៉ាងណាមិញ កម្មវត្ថុ​​ដែល​មេធាវី គី តិច ​​ស្នើ​សុំ​​ឱ្យ​​​ប្រធាន​សាលាដំបូង​រាជធានីភ្នំពេញ ​ចេញ​ដីកា​សម្រេច​​​​​ មាន​ខ្លឹមសារ​​២​សំខាន់​គឺ៖

១. កែ​តម្រូវ​ទិន្នន័យ​អត្រានុកូលដ្ឋាន ថ្ងៃ-ខែ-ឆ្នាំកំណើត ​​របស់​សម្តេច​តេជោ ពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​១៩៥១ ទៅ​ជា​​ថ្ងៃ-ខែ-ឆ្នាំ​ពិត​ប្រាកដ ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​១៩៥២ វិញ។
២. បង្គាប់​ឱ្យមន្ត្រី​អត្រានុកូលដ្ឋាន​ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ធ្វើការ​កែតម្រូវ​ទិន្នន័យ​អត្រានុកូលដ្ឋាន និង​ឯកសារ​ពាក់ព័ន្ធ ស្រប​តាម​ខ្លឹមសារ​ដូច​បាន​ស្នើ​សុំ​ក្នុង​ចំណុច​ទី​១ ខាង​លើ​នេះ៕