នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតជម្រាបជូន ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថារាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍កំណត់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិបន្តវេន ស្របតាមមុខតំណែងនីមួយៗក្នុងរចនាសម្ព័ន្ធអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពនគរបាលថ្នាក់ប្រហាក់ប្រហែល។ ក្នុងនោះ តួនាទី ប្រធាននាយកដ្ឋាន ឬស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ប៉ុណ្ណោះ។

គោលការណ៍កំណត់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិបន្តវេន ស្របតាមមុខតំណែងនីមួយៗ ស្របតាមលិខិតរាជរដ្ឋាភិបាលថ្មីនេះ មានដូចខាងក្រោម៖
-អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានឋានន្តរសក្តិ នាយឧត្ដមសេនីយ៍
-អគ្គនាយកនៃអគ្គនាយកដ្ឋាននានានិងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ឯក
-អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានឋានន្តរសក្តិ ឧត្តមសេនីយ៍ឯក
-អគ្គនាយករងនិងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្ដិ ឧត្តមសេនីយ៍ទោ
-ប្រធានសេនាធិការដ្ឋាននិងប្រធាននាយកដ្ឋានកណ្តាល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ទោ
-អនុប្រធានសេនាធិការដ្ឋាននិងអនុប្រធាននាយកដ្ឋានកណ្តាល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី។
-ប្រធាននាយកដ្ឋាន ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី
-អនុប្រធាននាយកដ្ឋាន ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ វរសេនីយ៍ឯក
-នាយការិយាល័យ អធិការនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ វរសេនីយ៍ទោ
-នាយរងការិយាល័យ អធិការរងនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ វរសេនីយ៍ត្រី
-នាយផ្នែក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ អនុសេនីយ៍ឯក
-នាយរងផ្នែក នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ អនុសេនីយ៍ទោ។
សូមជម្រាបថា បច្ចុប្បន្នតួនាទី ប្រធាននាយកដ្ឋាន ឬស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ភាគច្រើន មានឋានន្តរស័ក្តិចាប់ពី ឧត្តមសេនីយ៍ទោ (ផ្កាយ២) រហូតដល់ ឧត្តមសេនីយ៍ឯក (ផ្កាយ៣)៕






