កម្ពុជា-ចិនសហការគ្នា ពង្រឹងចំណងមិត្តភាពបង្កើនការទំនាក់ទំនង និងផ្សព្វផ្សាយពីសក្ដានុពលវិនិយោគ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ចិន សហការគ្នា ពង្រឹងចំណងមិត្តភាពបង្កើនការទំនាក់ទំនង និងផ្សព្វផ្សាយពីសក្ដានុពលវិនិយោគប្រទេសទាំងពីរ សំដៅឈានទៅជំរុញសេដ្ឋកិច្ចពាណិជ្ជកម្មបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់កាលពីពេលថ្មីៗនេះថា នៅទីក្រុងស៊ីអាន សាធារណរដ្ឋប្រជាមានិតចិន លោកស្រី ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងវេទិការ“2026 Xi’an Economic, Trade and Investment Forum” ដែលមានការចូលរួមពី លោក ហេង ពៅ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងស៊ីអាន (Xi’an) នៃសាធារណរដ្ឋប្រជាមានិតចិន និងតំណាងមកពីប្រទេសតួកគី ប្រទេសសុីប ព្រមទាំងវត្តមានភ្ញៀវកិត្តិយសជាង ១៥០ នាក់។

វេទិកានេះ រៀបចំឡើងដោយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា (CCIA) សហការរួមគ្នាជាមួយភាគីចិន ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព បង្កើនការទំនាក់ទំនង និងផ្សព្វផ្សាយពីសក្ដានុពលនៃប្រទេសនីមួយៗ ដើម្បីបង្កើតបាននូវកាលានុវត្តភាពថ្មីៗសម្រាប់ធុរកិច្ច និងវិនិយោគរវាងគ្នាទៅវិញទៅមក។

សូមជម្រាបដែរថា នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញផ្សាយកាលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦៕ អត្ថបទ៖ហ្សាលីន