ឧកញ៉ា អ៊ឹង វណ្ណម៉ៅ ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ៤៨រូប បំពេញទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ទីក្រុងក្វាងចូវ ប្រទេសចិន

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ឧកញ៉ា អ៊ឹង វណ្ណម៉ៅ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចំនួន ៤៨រូប បំពេញទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ទីក្រុងក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងទី២១ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ទស្សនកិច្ចនេះ ក៏មានការចូលរួមពីលោក ចាង ជីវិញ ប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង និងលោកបណ្ឌិត អោម សេងបូរ៉ា សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងជាស្ថាបនិក ស៊ីអ៊ីអូមាស្ទ័រក្លឹប និងសមាជិកសមាជិកា។

ក្នុងឱកាសនៃទស្សនកិច្ចពាណិជ្ជកម្មនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមព្រឹត្តិការណ៍សំខាន់ៗជាច្រើន រួមមាន ចូលរួមពិព័រណ៍ស្តីពីវិស័យនាំចេញ នាំចូលប្រទេសចិន (139th Canton Fair), ចូលរួមកិច្ចប្រជុំវេទិកាចែករំលែក និងទស្សនកិច្ចរោងចក្រ សហគ្រាសផលិត, ជំនួបពិភាក្សាជាមួយសភាពាណិជ្ជកម្មខេត្តក្វាងទុង និងជំនួបពាណិជ្ជកម្ម និងចាប់ដៃគូជាមួយក្រុមហ៊ុនអន្តរជាតិល្បីៗ។

ដំណើរទស្សនកិច្ចនេះ ជាការឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន ដែលតែងតែណែនាំ និងចង្អុលបង្ហាញឱ្យធ្វើការយ៉ាងសកម្មជាមួយដៃគូ និងអង្គភាពអន្ដរជាតិនានា ដើម្បីពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ប្រទេសនានាទាំងក្នុងតំបន់ និងអន្តរជាតិ។

កម្មវិធីទស្សនកិច្ចនេះ រៀបចំឡើងដោយសភាពាណិជ្ជកម្ពុជា រួមសហការជាមួយ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្រោមការគាំទ្រពីសហគ្រិនខ្មែរ (KE) ឧបត្ថម្ភដោយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម – ធនាគារ វីង ខេមបូឌា – ធនាគារប្រៃសណីយ៍កម្ពុជា និងកំពង់ផែស្វយ័តភ្នំពេញ៕