លោក ត្រាំ​ បង្ហើបថាអាមេរិក អាចនឹងមិនបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ទៀតនោះឡើយ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បានព្រមានថា សហរដ្ឋអាមេរិក ប្រហែលជាមិនបន្តបទឈប់បាញ់រយៈពេលពីសប្តាហ៍ជាមួយអ៊ីរ៉ង់ទៀតនោះឡើយ ហើយអាចនឹងបន្តការវាយប្រហារតាមផ្លូវអាកាសឡើងវិញ ប្រសិនបើកិច្ចព្រមព្រៀងរយៈពេលវែងមិនអាចសម្រេចបានទេនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ​ បានលើកឡើងបែបនេះ អំឡុងពេលនិយាយប្រាប់ទៅអ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ខណៈពេលកំពុងធ្វើដំណើរពីទីក្រុង Phoenix រដ្ឋ Arizona ត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីវិញ ដោយសំដៅទៅលើការពិភាក្សាជាមួយអ៊ីរ៉ង់។

យ៉ាងណាមិញ លោក ត្រាំ មិនបានបញ្ជាក់អំពីការចរចាជាមួយអ៊ីរ៉ង់ទេ ប៉ុន្តែបាននិយាយថា លោកប្រហែលជាមិនបន្តបទឈប់បាញ់រយៈពេលពីរសប្តាហ៍ជាមួយទីក្រុងតេអេរ៉ង់ទេ នៅពេលដែលវាត្រូវផុតកំណត់នៅថ្ងៃទី២២ ខែមេសា។ បទឈប់បាញ់នេះ ត្រូវបានព្រមព្រៀងគ្នាដោយភាគីទាំងពីរ ដើម្បីសម្រួលដល់ការចរចាឆ្ពោះទៅរកដំណោះស្រាយចំពោះជម្លោះ។

ជម្រាបជូនថា គណៈប្រតិភូអាមេរិក និងអ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា គ្រោងនឹងមកដល់ប្រទេសប៉ាគីស្ថាននៅចុងសប្តាហ៍នេះ ហើយនិងចាប់ផ្តើមធ្វើកិច្ចចរចានៅថ្ងៃទី២០ ខែមេសា ពោលគឺមួយសប្តាហ៍បន្ទាប់ពីការចរចាជុំទីមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង៕​