តម្លៃប្រេងឆៅអន្តរជាតិបានកើនឡើង ៨% ខណៈពេលដែលតម្លៃមាសធ្លាក់ចុះជិត ៨០ដុល្លារក្នុងមួយអោន ចំពេលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងកើនឡើងសារជាថ្មី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបើកការជួញដូរ នៅព្រឹកថ្ងៃទី២០ ខែមេសា តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ៧% ដល់ ៩៧ដុល្លារក្នុងមួយបារ៉ែល ស្របពេលប្រេងឆៅ WTI របស់សហរដ្ឋអាមេរិក បានកើនឡើង ៨% ដល់ ៩០ដុល្លារ។
ក្នុងមួយពេលជាមួយគ្នាននេះ តម្លៃមាសនៅលើទីផ្សារពិភពលោកក៏បានធ្លាក់ចុះ ៧៦ដុល្លារ មកនៅត្រឹម ៤ ៧៥៣ដុល្លារក្នុងមួយអោនផងដែរ។
ជុំវិញការប្រែប្រួលនៃទីផ្សារទាំងពីរនេះ បានកើតឡើងដោយសារតែភាពតានតឹងនៅមជ្ឈិមបូព៌ា កំពុងតែមានការកើនឡើងខ្លាំង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នា ដែលធ្វើឲ្យទីក្រុងតេអេរ៉ង់ សម្រេចបន្តបិទច្រកសមុទ្រ Hormuz ទាំងស្រុងឡើងវិញ៕

