ការបិទច្រកសមុទ្រ Hormuz អស់រយៈពេលជាងមួយខែមកនេះ បានបណ្តាលឲ្យមានការស្ទះប្រេងចំនួន ៥០០ លានបារ៉ែល ដែលបណ្តាលឲ្យមានការខាតបង់ជាទឹកប្រាក់សរុបចំនួន ៥០ ពាន់លានដុល្លារ នៅក្នុងទីផ្សារថាមពលពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅថ្ងៃទី១៧ ខែមេសា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានប្រកាសពីការបើកច្រកសមុទ្រ Hormuz ឡើងវិញជាបណ្តោះអាសន្ន ក្នុងអំឡុងពេលបទឈប់បាញ់អ៊ីស្រាអែល-លីបង់។ តែទោះជាយ៉ាងណាក៏ដោយ ត្រឹមមួយថ្ងៃក្រោយមក អ៊ីរ៉ង់ បានប្រកាសបិតច្រកសមុទ្រដ៏សំខាន់នេះសារជាថ្មីម្តងទៀត ដើម្បីជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ជុំវិញការបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់។
យោងតាមក្រុមហ៊ុនស្រាវជ្រាវ និងផ្តល់ទិន្នន័យ Kpler បានបង្ហាញឲ្យដឹងថា គិតចាប់តាំងពីការផ្ទុះឡើងនៃជម្លោះ នៅចុងខែកុម្ភៈ មក ប្រេងឆៅជាង ៥០០ លានបារ៉ែលមិនអាចចូលទៅក្នុងទីផ្សារពិភពលោកបានទេ ដោយសារច្រកសមុទ្រ Hormuz ត្រូវបានបិទស្ទើរតែទាំងស្រុង។ ហើយនេះត្រូវបានចាត់ទុកថាជាការរំខានដល់ការផ្គត់ផ្គង់ថាមពលដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រ។
លោក Johannes Rauball អ្នកវិភាគប្រចាំនៅ Kpler បានគណនាថា ដោយតម្លៃប្រេងជាមធ្យមប្រហែល ១០០ដុល្លារក្នុងមួយបារ៉ែល ដូច្នេះប្រេង ៥០០ លានបារ៉ែលដែលជាប់គាំងក្នុងឃ្លាំង បានធ្វើឲ្យឧស្សាហកម្មថាមពលពិភពលោក ត្រូវខាតបង់ប្រាក់ចំណូលប្រហែល ៥០ពាន់លានដុល្លារ។ តួលេខនេះ គឺស្មើនឹងផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសដូចជាឡាតវី ឬអេស្តូនី ជាដើម។
ជម្រាបជូនថា សម្រាប់ប្រេងឥន្ធនៈចំនួន ៥០០ លានបារ៉ែលទាំងនេះ គឺមានចំនួនស្មើនឹងប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិកប្រើប្រាស់បានជិតមួយខែ និងជាចំនួនច្រើនជាងប្រេងឥន្ធនៈដែលទ្វីបអឺរ៉ុបទាំងមូលប្រើប្រាស់បានក្នុងរយៈពេលមួយខែផងដែរ៕

