ទីផ្សារប្រេងឆៅពិភពលោក ខាតបង់ទឹកប្រាក់ជាង ៥០ពាន់លានដុល្លារ ដោយសារតែជម្លោះមជ្ឈិមបូព៌ា

អន្តរជាតិ

ការបិទច្រកសមុទ្រ Hormuz អស់រយៈពេលជាងមួយខែមកនេះ បានបណ្តាលឲ្យមានការស្ទះប្រេងចំនួន ៥០០ លានបារ៉ែល ដែលបណ្តាលឲ្យមានការខាតបង់ជាទឹកប្រាក់សរុបចំនួន ៥០ ពាន់លានដុល្លារ នៅក្នុងទីផ្សារថាមពលពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី១៧ ខែមេសា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានប្រកាសពីការបើកច្រកសមុទ្រ Hormuz ឡើងវិញជាបណ្តោះអាសន្ន ក្នុងអំឡុងពេលបទឈប់បាញ់អ៊ីស្រាអែល-លីបង់។ តែទោះជាយ៉ាងណាក៏ដោយ ត្រឹមមួយថ្ងៃក្រោយមក អ៊ីរ៉ង់ បានប្រកាសបិតច្រកសមុទ្រដ៏សំខាន់នេះសារជាថ្មីម្តងទៀត ដើម្បីជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ជុំវិញការបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់។

យោងតាមក្រុមហ៊ុនស្រាវជ្រាវ និងផ្តល់ទិន្នន័យ Kpler បានបង្ហាញឲ្យដឹងថា គិតចាប់តាំងពីការផ្ទុះឡើងនៃជម្លោះ នៅចុងខែកុម្ភៈ មក ប្រេងឆៅជាង ៥០០ លានបារ៉ែលមិនអាចចូលទៅក្នុងទីផ្សារពិភពលោកបានទេ ដោយសារច្រកសមុទ្រ Hormuz ត្រូវបានបិទស្ទើរតែទាំងស្រុង។ ហើយនេះត្រូវបានចាត់ទុកថាជាការរំខានដល់ការផ្គត់ផ្គង់ថាមពលដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រ។

លោក Johannes Rauball អ្នកវិភាគប្រចាំនៅ Kpler បានគណនាថា ដោយតម្លៃប្រេងជាមធ្យមប្រហែល ១០០ដុល្លារក្នុងមួយបារ៉ែល ដូច្នេះប្រេង ៥០០ លានបារ៉ែលដែលជាប់គាំងក្នុងឃ្លាំង បានធ្វើឲ្យឧស្សាហកម្មថាមពលពិភពលោក ត្រូវខាតបង់ប្រាក់ចំណូលប្រហែល ៥០ពាន់លានដុល្លារ។ តួលេខនេះ គឺស្មើនឹងផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសដូចជាឡាតវី ឬអេស្តូនី ជាដើម។

ជម្រាបជូនថា សម្រាប់ប្រេងឥន្ធនៈចំនួន ៥០០ លានបារ៉ែលទាំងនេះ គឺមានចំនួនស្មើនឹងប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិកប្រើប្រាស់បានជិតមួយខែ និងជាចំនួនច្រើនជាងប្រេងឥន្ធនៈដែលទ្វីបអឺរ៉ុបទាំងមូលប្រើប្រាស់បានក្នុងរយៈពេលមួយខែផងដែរ៕​