អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានជួយផ្តល់ការងារ ផ្តល់ជម្រក និងដើមទុនមួយចំនួនទៀត ដល់ប្តីប្រពន្ធពីរនាក់មានជីវភាពខ្វះខាត ដែលបានទៅជួបអ្នកឧកញ៉ា ដើម្បីសុំការងារធ្វើ។

អ្នកឧកញ៉ាអគ្គនាយក បានឱ្យដឹងលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ថានៅថ្ងៃចន្ទនេះ លោកបានជួបជាមួយប្តីប្រពន្ធពីរនាក់ មកពីភូមិដើមពោធិ៍ ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ដោយប្តីឈ្មោះ សន់ គោ បួសបានជាង១០វស្សា ទើបតែចាកសិក្ខាបទ ឯប្រពន្ធឈ្មោះ ទួន ម៉ាលីស មានកូនម្នាក់។
«ដោយសារតែជីវភាពគ្រួសារខ្វះខាតខ្លាំងពេកបានមកសុំការងារធ្វើ ខ្ញុំបានឱ្យមកចាំដីភូមិចាស់របស់ខ្ញុំនៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដោយឱ្យប្រាក់ខែទាំងពីរនាក់ប្តីប្រពន្ធ និងឱ្យដាំដំណាំបន្លែបង្ការ ឈើហូបផ្លែលក់យកលុយចុះ ហើយខ្ញុំបានទិញកង់អាគុយថ្មីឱ្យមួយគ្រឿងថែមទៀតផង។ មានផ្ទះថ្មនៅស្រាប់ ដីធំទូលាយ ទឹក ភ្លើងអគ្គិសនីគ្រប់គ្រាន់ បើជួយប៉ុណ្ណឹងហើយរកលុយមិនបានទៀតចប់ហើយ នៅតែមិនក្លាយជាសេដ្ឋីប្រាក់លានរៀលទៀតចប់ហើយ»។ អ្នកឧកញ៉ា បានបន្ថែម។
សូមជម្រាបថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា គឺជាសេដ្ឋីមួយរូបនៅកម្ពុជាលើវិស័យកសិឧស្សាហកម្ម។ ជារឿយៗអ្នកឧកញ៉ាតែងជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងកំពុងជួបការលំបាក។ ជាក់ស្តែងថ្មីៗនេះ អ្នកឧកញ៉ាបាននាំយកកុមារា និងកុមារី សរុបចំនួន ៤៩នាក់ ស្ថិតនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដែលផ្ទះសម្បែងរបស់ពួកគេរងផលប៉ះពាល់ពីការឈ្លានពានរបស់យោធាថៃ ដើម្បីយកមកចិញ្ចឹមបីបាច់ថែរក្សា នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ ផងដែរ៕






